កម្លាំងអគ្គស្នងការដ្ឋានគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យអគារ និងទីតាំងស្នាក់នៅចំនួន៤គោលដៅ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ក្រែងលបលួចប្រព្រឹត្តបទល្មើស Online Scams
(បន្ទាយមានជ័យ)៖ ពេញមួយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ដចុះពិនិត្យទីតាំងតាមអគារ និងទីតាំងស្នាក់នៅ ចំនួន៤គោលដៅ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រែងមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះពិនិត្យរដ្ឋបាលនៅក្នុងផែស្ងួត ទីតាំងអាគារ និងផ្ទះល្វេង នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ដោយឡែក ការត្រួតពិនិត្យនៅទីតាំងសង្ស័យក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានចំនួន២ទីតាំង ក្នុងនោះមានទីតាំងមួយរកឃើញមានសម្ភារដែលបម្រើឲ្យការលប់លួចប្រព្រឹត្តបទល្មើស Online Scams ហើយបានសម្រេចបិទសៀលបណ្ដោះអាសន្នមួយ។
សម្រាប់ទីតាំងស្នាក់នៅមួយកន្លែងទៀត នៅលើផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានរកឃើញទូរស័ព្ទ កុំព្យូទ័រជាច្រើនគ្រឿង ដែលសុទ្ធតែសម្ភារៈបម្រើឲ្យការប្រព្រឹត្តបទល្មើស និងបានបិទសៀលបណ្ដោះអាសន្ន។ បច្ចុប្បន្នទីតាំងនេះកម្លាំងជំនាញកំពុងបន្ដស្រាវជ្រាវតាមនីតិវិធី៕






