មន្រី្តជំនាញ ចុះពិនិត្យ អភិរក្សបឋម អដ្ឋិធាតុ និងវាយនភណ្ឌ ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅកោះ គ
ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារសារមន្ទីរទួលស្លែង សហការជាមួយមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្ដាល បានចុះពិនិត្យ អភិរក្សបឋម និង រាប់ចំនួនអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅកោះ គ (បច្ចុប្បន្ន ស្ថិតក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល) ។
សកម្មភាពចុះពិនិត្យ អភិរក្សបឋមអដ្ឋិធាតុ និងវាយនភណ្ឌជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្សទីតាំងប្រវត្តិសាស្ត្រ។
លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះថា ជាលទ្ធផល ក្រុមការងាររកឃើញមាន៖ ក. អដ្ឋិធាតុ ៖ ១. បំណែកឆ្អឹង លលាដ៍ ចំនួន ២២៣ បំណែក, ២. បំណែកឆ្អឹងថ្គាម ចំនួន ៤០ បំណែក, ៣. ធ្មេញ ចំនួន ៦៨, ៤. បំណែកឆ្អឹង (ដៃ-ជើង) ១,៤៨៤ បំណែក, ៥. បំណែកឆ្អឹងផ្សេងៗ ដែលប្រមូលនៅជុំវិញទីតាំង ចំនួន ៤១១ បំណែក។ ខ. វាយនភណ្ឌ ៖ ១. សម្លៀកបំពាក់ (ទ្រង់ទ្រាយពេញលេញ) ចំនួន ៩១, ២. បំណែកសម្លៀកបំពាក់ ប្រហែល ២០០០ បំណែក។
លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថ មែនទែនទៅក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តម អគ្គនាយកបេតិកភណ្ឌ លោកបានដឹកនាំក្រុមការងារសារមនី្ទរទួលស្លែង ចុះទៅពិនិត្យទីតាំងកាលពីអំឡុងខែមីនា លុះក្រោយពេលទទួលដំណឹងថាមានឃើញអដិ្ឋធាតុជាច្រើន និងសម្លៀកបំពាក់ជនរងគ្រោះនៅទីតាំងនោះ បានដឹកនាំក្រុមការងារចុះ ដើម្បីពិនិត្យបឋម និងសិក្សារៀបចំផែនការអនុវត្តការងារក្នុងកម្រិតណា។
សូមបញ្ជាក់ផងដែរថា៖ កោះ គ គឺជាអតីតទីតាំងឃុំឃាំង និងជាវាលពិឃាតដ៏ឃោរឃៅមួយ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងអំឡុងពេលនោះ កោះ គ នេះ ត្រូវបានគេស្គាល់ថាជា “មជ្ឈមណ្ឌល ០៨” (Centre 08) ដែលមានតួនាទីស្រដៀងទៅនឹងមន្ទីរស-២១ (ទួលស្លែង) ៕






