កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីនាំចេញ
ជាសមិទ្ធផលថ្មី នៅដើមឆ្នាំ២០២៦នេះ ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussion) ស្តីពីគម្រោង “លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា” ។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ ហើយគម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី រវាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ និងលោកបណ្ឌិត ឆយ ចាន់វ៉ុន (Choi Chan Won) នាយកការិយាល័យគម្រោងសកល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងនូវសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ នឹងរួមចំណែកដល់នូវការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា ហើយមានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូល សម្រាប់កសិករខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងនូវសមត្ថភាពគ្រប់គ្រង ក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក ។
លោកបណ្ឌិត ឆយ ចាន់វ៉ុន បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីធានាការអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យ ហើយពិធីចុះហត្ថលេខានេះ បានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិសេសក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។
ភាគីទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវ់ាក់តម្លៃគ្រាប់ស្វាយចន្ទី ដែលមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុតនៅលើពិភពលោក ខណៈមួយឆ្នាំកម្ពុជា បានផលិតគ្រាប់ស្វាយចន្ទីបានរាប់ម៉ឺនតោន ប៉ុន្តែការកែច្នៃក្នុងស្រុកមានតិចតួចនៅឡើយ៕






