កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបង្ក្រាបបទល្មើស Online Scams នៅសង្កាត់វាលស្បូវ ឃាត់ខ្លួនមនុស្ស ៩នាក់ និងដកហូតសម្ភារមួយចំនួន
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសង្កាត់វាលស្បូវ ដោយឃាត់ខ្លួនមនុស្សចំនួន ៩នាក់ និងដកហូតបានសម្ភារមួយចំនួនធំ។
ប្រតិបត្តិការនេះបានធ្វើឡើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានយកទីតាំងខាងលើពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងនោះក្រុមការងារបានត្រួតពិនិត្យរកឃើញមនុស្សចំនួន០៩នាក់, ជនជាតិចិន ចំនួន ០៨នាក់ និងជនជាតិវ៉ានូអាទូ ចំនួន ០១នាក់។
សម្ភារដកហូតមានដូចជា៖ ទូរស័ព្ទដៃចំនួន ៤១គ្រឿង, laptop ចំនួន០៧គ្រឿង, កាំភ្លើងចំនួន ០១ដើម និងគ្រាប់កាំភ្លើងចំនួន ៤៩គ្រាប់។
សន្និដ្ឋានបឋម គឺរក្សាទុកឧបករណ៍អេឡិចត្រូនិចបម្រើឱ្យអំពើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scames (ក្រុមជនសង្ស័យខាងលើព្យាយាមបំផ្លាញ់វត្ថុតាង មុនពេលសមត្ថកិច្ចទៅដល់) និងប្រើប្រាស់កាន់កាប់អាវុធខុសច្បាប់៕






