ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កោតសរសើរ លើភាពរីកចម្រើនរបស់ខេត្តរតនគិរី លើការកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធនានា
រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វណ្ណឡាល វ៉ូណា បាវិតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តម ញ៉ែម សំអឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរី។
ឯកឧត្តម អភិបាលខេត្តបានជម្រាបជូនពីសក្តានុពល ដែលខេត្តរតនគិរី មាន ជាពិសេស សក្តានុពលលើវិស័យទេសចរណ៍ ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានបង្ហាញពី ទីតាំងអេកូទេសចរណ៍ជាច្រើនជាពិសេសរមណីយដ្ឋានបឹងយក្ខឡោម ដែលកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា ប្រជាជនកម្ពុជា និងសាធារណរដ្ឋឥណ្ឌា មានទំនៀមទម្លាប់ ប្រពៃណី ប្រហាក់ប្រហែលគ្នា ជាពិសេសគឺទំនាក់ការទូតដែលមានតាំងយូរ ធ្វើអោយប្រទេសកម្ពុជា និងឥណ្ឌា កាត់តែមានកិច្ចសហប្រតិបត្តិការល្អពីមួយថ្ងៃទៅមួយថ្ងៃ។
ជាការឆ្លើយតប ឯកឧត្តម វណ្ណឡាល វ៉ូណា បាវិតលុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរ លើភាពរីកចម្រើនរបស់ខេត្តរតនគិរី ទៅលើការកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធនានា។
ឯកឧត្តម ទទួលស្គាល់ថា ខេត្តរតនគិរីពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយទៅថ្ងៃអនាគតខេត្តរតនគិរី នឹងកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕






