កម្លាំងនគរបាលខេត្តកំពង់ចាម ស្ទាក់ឃាត់ខ្លួនជនជាតិចិន១៣នាក់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើស Scam Online និងគ្មានលិខិតឆ្លងដែន

(កំពង់ចាម)៖ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តកំពង់ចាម បានស្ទាក់ឃាត់ខ្លូនជនជាតិចិនចំនួន១៣នាក់ និងអ្នកបើករថយន្តជនជាតិខ្មែរចំនួន២នាក់ នៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជនជាតិចិនទាំងនេះសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Scam Online នៅទីតាំងផ្សេង និងខ្លះមិនមានលិខិតឆ្លងដែន។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្លាំងនគរបាលបានឃាត់រថយន្ត​២គ្រឿងម៉ាក អាល់ផាតពណ៌ខ្មៅ​ ផ្លាកលេខភ្នំពេញ ​2CD-1747 បើកបរដោយឈ្មោះ អ៊ុំ​ សំអុល និងម៉ាកអាល់ផាតពណ៌ខ្មៅ​ ផ្លាកលេខភ្នំពេញ ​2CG-5206 បើកបរដោយឈ្មោះ ប៉ក់ ប៊ុនថៃ។

តាមការសាកសួររបស់សមត្ថកិច្ចនគរបាល, ជនជាតិចិនទាំង១៣នាក់ បានចូលមកប្រទេសកម្ពុជាក្នុងដំណើរផ្សេងៗគ្នា ដោយខ្លះចូលមកតាំងពីឆ្នាំ២០២៤ និងតាមច្រកព្រលានយន្តហោះ និងច្រកទា្វរព្រំដែន។
ក្រោយការសួរនាំ ក្នុងចំនួន១៣នាក់ មានលិខិតឆ្លងដែនចំនួន៣នាក់។ ចំពោះទិសដៅក្នុងការធ្វើដំណើរ សម្រាប់ជនជាតិចិនទាំង១៣នាក់ មាន២នាក់ចេញពីខេត្តព្រះសីហនុ មកភ្នំពេញ, ៨នាក់ចេញ⁠ពីតំបន់ប៉ោយប៉ែត ទៅខេត្តព្រះសីហនុ និង៣នាក់ ចេញ⁠ពីភ្នំពេញ ទៅខេត្តព្រះសីហនុ។ ក្រោយទាក់ទងគ្នារួចរាល់ហើយមានជនជាតិចិនម្នាក់ឈ្មោះ JING ZE​ ជាអ្នករៀបចំ ក្នុងការធ្វើដំណើរទៅកាន់ខេត្តក្រចេះ។
ក្រោយទទួលបានគោលការណ៍ពីលោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, កម្លាំងនគរបាលបានសម្រេចបញ្ជូនជនជាតិចិន​ ទាំង១៣នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីអនុវត្តនីតិវិធីបន្ត៕

You might also like