លោក ដូណាល់ ត្រាំ អញ្ជើញដល់ប្រទេសចិនដើម្បីជួបលោក ស៊ី ជិនពីង ដោយមានការអមដំណើរពីនាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងមហាសេដ្ឋី Elon Musk
(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងហើយ នាល្ងាចថ្ងៃពុធនេះ ដោយមានការអមដំណើរពីនាយកប្រតិបត្តិធំៗ រួមមានលោក ជិនសិន ហួង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងមហាសេដ្ឋី អេឡុន ម៉ាសក៍ (Elon Musk)។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ស្របពេលលោក ត្រាំ បានប្តេជ្ញាថានឹងជំរុញឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង បើកចំហទីផ្សារសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងជំនួបកំពូលរយៈពេលពីរថ្ងៃនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកមកកាន់ប្រទេសចិនក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។ លោក ត្រាំ មានបំណងចង់ស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងរក្សាការផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយជាមួយមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ ព្រមទាំងដើម្បីស្តារប្រជាប្រិយភាពរបស់លោកឡើងវិញ បន្ទាប់ពីរងការធ្លាក់ចុះដោយសារជម្លោះនៅអ៊ីរ៉ង់។ ការអមដំណើររបស់លោក ហួង ត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាការអនុញ្ញាតលក់បន្ទះឈីបបញ្ញាសិប្បនិម្មិតប្រភេទ H200 ដ៏មានអានុភាពរបស់ Nvidia ចូលទៅកាន់ទីផ្សារចិន។»
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ថា ការស្នើសុំឱ្យលោក ស៊ី ជិនពីង បើកចំហទីផ្សារចិន គឺជាសំណើទីមួយ និងអាទិភាពបំផុតរបស់លោក។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គៅ ជៀគុន (Guo Jiakun) បានស្វាគមន៍ការចរចា ដោយអះអាងថាទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា។
គួរបញ្ជាក់ថា ក្រៅពីបញ្ហាពាណិជ្ជកម្ម ជំនួបកំពូលនេះក៏នឹងគ្របដណ្តប់លើប្រធានបទរសើបជាច្រើនទៀត រួមមានសង្គ្រាមនៅអ៊ីរ៉ង់ និងការលក់អាវុធរបស់អាមេរិកឱ្យទៅតៃវ៉ាន់ជាដើម។ ថ្វីត្បិតតែលោក ត្រាំ ធ្លាប់អះអាងថាអាមេរិកមិនត្រូវការជំនួយពីចិនក្តី ប៉ុន្តែគេរំពឹងថាលោកនឹងជំរុញឱ្យចិនជួយបញ្ចុះបញ្ចូលទីក្រុងតេអេហេរ៉ង់ ឱ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយវ៉ាស៊ីនតោន។ ដោយឡែក ភាគីចិននៅតែបន្តប្រឆាំងយ៉ាងដាច់អហង្ការចំពោះការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ ខណៈកញ្ចប់ជំនួយយោធាតម្លៃ ១៤ពាន់លានដុល្លារ កំពុងរង់ចាំការអនុម័តចុងក្រោយពីលោក ត្រាំ នៅឡើយ៕






