កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។ លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។
ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា។ សម្ដេចធិបតីបានជម្រាបជូនថា កម្ពុជាបាននិងកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕







