ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀងដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀងនៅសណ្ឋាគារ Raffles Le Royal ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានសម្តែង ការពេញចិត្តចំពោះចំណងមិត្តភាពដ៏យូរអង្វែងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី អស់រយៈពេល៧០ឆ្នាំកន្លងមកនេះ ដែលបានគ្របដណ្តប់ស្ទើរគ្រប់វិស័យ ជាពិសេសកិច្ចសន្ទនា និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ពិធីជប់លៀងនេះ គឺជាសកម្មភាពរួមគ្នាប្រកបដោយអត្ថន័យមួយក្នុងចំណោមសកម្មភាពរួមគ្នាជាច្រើនទៀត ដែលបានផ្តួចផ្តើមឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ឥស្សរជនជាថ្នាក់ដឹកនាំមកពីស្ថាប័ននីតិប្បញ្ញត្តិ ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីការទូតពីស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មពិធីដ៏វិសេសនេះ។

   

You might also like