សម្ដេចធិបតី បញ្ជាឱ្យសាងសង់ស្ដូប និងចម្លាក់រម្លឹកវីរភាពកងទ័ពការពារទឹកដីពីការឈ្លានពាន

ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាឱ្យសាងសង់ស្ដូបរម្លឹកដល់វីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារទឹកដី អំឡុងពេលថៃឈ្លានពាន។

ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានណែនាំឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពប្រវត្តិសាស្ត្រសំខាន់ៗចំនួន ៣ នៅវិមានឈ្នះ-ឈ្នះ រួមមាន៖ ការឈឺចាប់នៃសង្គ្រាមឈ្លានពាន, វីរភាពរបស់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ។ ការសម្រេចនេះ គឺដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងជាការរម្លឹកដឹងគុណដល់វីរជនចំពោះកូនចៅជំនាន់ក្រោយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាឱ្យសិក្សារៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ផងដែរ។

គួរបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីអតីតយុទ្ធជន និងមន្ត្រីពាក់ព័ន្ធប្រមាណ ៣,៥០០នាក់៕

You might also like