សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តកាតព្វកិច្ចយោធា គឺជាការបណ្តុះស្មារតីស្នេហាជាតិ និងជាមោទនភាពរបស់យុវជនខ្មែរ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ចយោធាមិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏ធំបំផុតក្នុងការបណ្ដុះគំនិតស្នេហាជាតិ និងជាមោទនភាពជាតិសម្រាប់យុវជនខ្មែរគ្រប់រូប។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ សម្តេចធិបតីបានមានប្រសាសន៍ថា រយៈពេល ២៤ខែ នៃការហ្វឹកហាត់ក្នុងជួរកងទ័ព នឹងជួយឱ្យយុវជនមានស្មារតីរឹងមាំ និងមានការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃកិច្ចការពារជាតិ។
សម្ដេចបានលើកទឹកចិត្តដល់យុវជនឱ្យចាត់ទុកឱកាសនេះ ជាការបំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងនាមជាកូនប្រុសម្នាក់សម្រាប់មាតុភូមិ។
សូមបញ្ជាក់ថា ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីសំណាក់អតីតយុទ្ធជន និវត្តជន តំណាងក្រសួង-ស្ថាប័ន និងយុវជន ស.ស.យ.ក. ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣,៥០០នាក់ ដើម្បីអបអរសាទរ និងរំលឹកដល់គុណូបការៈរបស់អ្នកដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ៕






