ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល, តុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត
(កណ្ដាល)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលលោកស្រី ហុង ទិត្យមល្លិកា សម្រេចឃុំខ្លួនជនដៃដល់ដែលចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ និងប្រពន្ធដែលសមគំនិតដាក់ពន្ធនាគារ ក្រោមបទចោទ «សមគំនិតក្នុងអំពើឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស, ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ» តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។
នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ជនជាប់ចោទមានឈ្មោះ គឹម វណ្ណា និងភរិយាជាអ្នកសមគំនិតមានឈ្មោះ ធី ណារ៉ុង។ ពួកគេបានធ្វើសកម្មភាពកាលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយចាប់ជំរិតសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ ដែលជាក្មួយ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ក៏ព្រោះតែខឹងមិនឲ្យខ្ចីលុយបន្ថែមខណៈដែលធ្លាប់ខ្ចីលុយពីមុនៗមកបានរហូត។
ជនរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ និងម្ដាយឈ្មោះ ជឿន ស៊ីនួន អាយុ២៩ឆ្នាំ មុខរបរលក់ដូរ។
អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល)។ ជនដៃដល់ឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាពូសាច់ថ្លៃ)។
នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឲ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន៕






