ការដាក់ឲ្យដំណើរការថ្នាលទិន្នន័យ DHIS2 គឺជាជំហានសំខាន់មួយឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលរឹងមាំ ឆ្លាតវៃ និងមានភាពធន់ សម្រាប់ប្រជាជនកម្ពុជា
កម្ពុជាកំពុងពន្លឿនកំណែទម្រង់ប្រព័ន្ធសុខាភិបាលឌីជីថល តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធ HMIS (Health Management Information System) ទៅកាន់ប្រព័ន្ធ DHIS2 (District Health Information Software 2) ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអន្តរជាតិ។
ការកែទម្រង់ដ៏សំខាន់នេះ នឹងជួយពង្រឹងអភិបាលកិច្ច បង្កើនសមត្ថភាពភ្ជាប់ទិន្នន័យសុខាភិបាល ពង្រឹងអធិបតេយ្យភាពលើប្រព័ន្ធព័ត៌មាន និងគាំទ្រការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគុណភាពកាន់តែប្រសើរ។
ក្រសួងសុខាភិបាលក៏កំពុងវិនិយោគលើធនធានមនុស្ស សមត្ថភាពឌីជីថល និងការកសាងស្ថាបត្យកម្មព័ត៌មានសុខាភិបាលជាតិទំនើប ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន និងមន្រ្តីសុខាភិបាលពាក់ព័ន្ធ សរុប ២៤៦នាក់ ព្រមទាំងចូលរួមតាមប្រព័ន្ធ Zoom រួមមាន មន្ទីរពេទ្យរាជធានី ខេត្ត ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព សរុប ១៥០០នាក់។






