សមត្ថកិច្ចឃាត់ខ្លួនជនបរទេស២នាក់ ករណីបង្កអំពើហិង្សា និងវាយកម្ទេចសម្ភារៈក្នុងផ្សារម៉ាត ១កន្លែង នៅខណ្ឌមានជ័យ
(ភ្នំពេញ)៖ អនុវត្តបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, ឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវ ឃាត់ខ្លួនជនបរទេស០២នាក់ នៅចំណុចផ្ទះសំណាក់១កន្លែង ស្ថិតនៅផ្លូវ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពវាយកម្ទេចសម្ភារក្នុងផ្សារម៉ាត១កន្លែង នៅផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២៣និង៤២នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ជនសង្ស័យទី១៖ ឈ្មោះ Christian Oberg ភេទប្រុស៤៥ឆ្នាំ ជនជាតិស៊ុយអែត មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូ ជ័រអឺហ្កាឌិន បន្ទប់លេខ ១៨២៥ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ MALIN TILVING ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិស៊ុយអែត មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូ ជ័រអឺហ្កាឌិន បន្ទប់លេខ ១៨២៥ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ា ណៃហៀង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្សារ អិល អិច ម៉ាត ស្នាក់នៅផ្ទះលេខ៩២៥ដេ ផ្លូវលេខ២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរនិងអនុវត្តនីតិវិធី៕






