សមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើស Online Scams និងស្នាក់នៅខុសច្បាប់ ក្នុងអគារនៃមជ្ឈមណ្ឌល ព្រីសន៍ ឃាត់ខ្លួនជនបរទេសជាង១០០នាក់

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំងអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
ប្រតិបត្តិការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយលោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងចូលរួមសហការដោយគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី អភិបាលរង, ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារ​សន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្រប​សម្រួល​នីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការ កម្លាំងចម្រុះបានចុះត្រួតពិនិត្យរកឃើញ មនុស្សចំនួន១០៤នាក់ និងសម្ភារៈវត្ថុតាង ដូចខាងក្រោម៖
*ទី១៖ ជនបរទេសសរុបចំនួន៨៣នាក់ (ស្រី៥នាក់) មាន២សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន៖ ជនជាតិចិន ចំនួន៨២នាក់ (ស្រី៤នាក់) និងជនជាតិវៀតណាមម្នាក់។
*ទី២៖ ជនបរទេសសរុបចំនួន២១នាក់ (ស្រី២នាក់) មាន៥សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់)។
សម្ភារៈវត្ថុតាងសរុបរួមមាន៖ កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP)​ ចំនួន៣៦គ្រឿង, IPAD ចំនួន៥គ្រឿង, ម៉ូនីទ័រ (MONITOR) ចំនួន៤គ្រឿង, ទូរស័ព្ទដៃ ចំនួន៨០០គ្រឿង និងធុង CPU ចំនួន៦គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឲ្យវិនិយោគ (Investment Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕

You might also like