ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីប្រមាណ ១,២៤០នាក់បានចូលរួម

ទោះបីជាថ្ងៃនេះជាថ្ងៃសៅរ៍ និងជាឈប់សម្រេកចុងសប្តាហ៍ក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា នៅតែមកចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផងដែរ។ រយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី១៥ និងទី១៦ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង បានបញ្ចប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងដំណើរការចុះជំរឿនមន្ត្រីជាក់ស្តែងនេះ គណៈកម្មការជំរឿន បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រមាណ ១,២៤០នាក់ បានចូលរួមក្នុងដំណើរការនៃការធ្វើជំរឿននេះផងដែរ។
គណៈកម្មការជំរឿនមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទាំងអស់ ដែលបានបង្កលក្ខណៈងាយស្រួល និងសហការយ៉ាងសកម្ម លើសពីនេះមិនគិតពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ផងដែរ។ ការចូលរួមបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធីនៃសារាចររបស់រាជរដ្ឋាភិបាល រួមទាំងការអនុវត្តតាមការណែនាំរបស់គណៈកម្មការយ៉ាងខ្ជាប់ខ្ជួន គឺជាកត្តាគន្លឹះដែលធ្វើឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

You might also like