សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ុវ សាផាន់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់នេះ បានប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ុវ សាផាន់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិចខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម សេង ទៀង។ ចាប់ពីពេលនេះទៅខ្ញុំទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយដែលពេលនេះមានពន្លឺខ្លះហើយបន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ»

ការប្រកាសជួយពីសម្តេចតេជោ បន្ទាប់ពីអ្នកគ្រូដែលទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀង ឈ្មោះ ម៉ូវ សុផាន់ អាយុ២៦ឆ្នាំ បានលើកដៃម្រាមដប់ សំពះស្នើយ៉ាងទទូចនៅលើបណ្តាញសង្គម ដើម្បីផ្ញើសារទៅកាន់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាជួយឧបត្ថម្ភការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយផង។

កំពុងបង្រៀននៅខេត្តព្រៃវែង បានចំនួន ៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ អ្នកគ្រូ ម៉ូវ សុផាន់ បានដាក់ច្បាប់ ចំនួន ៣ខែ ដោយសារឈឺធ្វើទុក្ខរហូត។ យុវតី ដែលកំព្រាម្តាយតាំងពីវ័យក្មេងរូបនេះ បាននិងកំពុងព្យាបាលជំងឺ ចំនួន ២ខែហើយ៕

You might also like