នគរបាលស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងបាន ២នាក់ ក្នុងចំណោមបក្ខពួក ១៥នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស

ខេត្តកណ្ដាល÷កម្លាំងនគរបាលបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ២នាក់ក្នុង ចំណោមបក្ខពួក ១៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ឧសភា ២០២៦ បន្ទាប់ពីក្រុមជន សង្ស័យបានប្រព្រឹត្តបទល្មើសកាលពីម៉ោង ១៨ និង០០ នាទី ថ្ងៃទី១១ ឧសភា ២០២៦ នៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានចំនួន ២នាក់រួមមានទី១ ឈ្មោះ វ៉េងឃាង សៀងលិ (ប្រុស, ១៧ឆ្នាំ) មុខរបរសិស្ស និងទី២ ឈ្មោះ ថាន សិលា (ប្រុស, ១៧ឆ្នាំ) មុខរបរកសិករ ដែលអ្នកទាំងពីរមានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។ ក្នុងហេតុការណ៍នេះបណ្ដាលឲ្យខូចខាតម៉ូតូម៉ាក Honda Dream C125 ចំនួន ១ គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159 ដែលជារបស់ជនរងគ្រោះ។
លោកអធិការបានបន្តថា ចំណែកបក្ខពួកក្រុមជនសង្ស័យមានចំនួន ១៥នាក់ ក្នុងនោះសមត្ថកិច្ចស្គាល់អត្តសញ្ញាណចំនួន ៧នាក់ (អាយុចន្លោះពី១៧ឆ្នាំដល់២២ឆ្នាំ)។ ចំពោះជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ២នាក់រួមមានទី១ ឈ្មោះ លាង ប៊ុនលាប (ប្រុស) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល និងទី២ ឈ្មោះ វឿន ស៊ីវវួយ (ប្រុស) មុខរបរកសិករ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ ដោយឡែកជនសង្ស័យ ៥នាក់ទៀតដែលបានរត់គេចខ្លួនរួមមានឈ្មោះ ម៉ី ឈ្មោះ ត្រា ឈ្មោះ ថាដា ឈ្មោះ ហេង និងឈ្មោះឃ្លោក ដែលសុទ្ធតែជាមនុស្សប្រុស និងមានទីលំនៅក្នុងស្រុកខ្សាច់កណ្តាលដូចគ្នា។
ជនសង្ស័យទាំង ២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកដើម្បីយកមកផ្ដន្ទាទោសបន្តតាមច្បាប់ ៕

You might also like