ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ចេញពីខណ្ឌមានជ័យ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងល្បឿនលឿន ដើម្បីគេចខ្លួន

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចខាងមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្ត TOYOTA PRIUS មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BT-9321 ចេញពីមូលដ្ឋានខណ្ឌមានជ័យ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងល្បឿនលឿន ដើម្បីគេចខ្លួន ។ ស្របពេលជនសង្ស័យបើកគេចខ្លួននៅនោះ ក៏ស្រាប់តែរ៉េចង្កូត បុករះរថយន្ត ម៉ាក TOYOTA RAIZET ពាក់ផ្លាកលេខ កម្ពុជា K.H.7172 និងកង់បីឥណ្ឌា ពាក់ផ្លាកលេខ ភ្នំពេញ 1HV-5499 ហើយបានរុញទៅបុកផ្ទប់ជាមួយរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពាក់ផ្លាកលេខ 2AS-9396 បណ្តាលអោយរងការខូចខាត ។ ភ្លាមៗ សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ជនសង្ស័យដែលលួចរថយន្តនោះបាននៅ ខាងមុខក្រសួងមហាផ្ទៃរួចរងចាំសមត្ថកិច្ចខណ្ឌមានជ័យ ដើម្បីមកយកទៅសួរនាំបន្ត ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនប្រគល់អោយ ទៅកម្លាំងខណ្ឌមានជ័យ អនុវត្តន៍តាមនីតិវិធីច្បាប់ ។ ចំពោះរថយន្តទាំង០៣គ្រឿង រួមកង់បីឥណ្ឌា សម្រេចយកទៅជួសជុលដោយខ្លួនឯង ៕

You might also like