ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើបច្ចុប្បន្នភាពសមាជិកស្នើសុំដី ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ច
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ត្រួតពិនិត្យលើបច្ចុប្បន្នភាពរបស់សមាជិក អ.ន.ក. ស្នើសុំដី ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ចជាមួយ គណៈកម្មាធិការ អ.ន.ក.តាមបណ្តាខេត្ត រួមមាន បាត់ដំបង ស្ទឹងត្រែង ក្រចេះ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ កំពង់ធំ តាមប្រព័ន្ធអនឡាញ។
បន្ទាប់ពីស្តាប់របាយការណ៍របស់គណៈកម្មាធិការ អ.ន.ក.តាមបណ្តាខេត្តនីមួយៗ ឯកឧត្តម គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំ អ.ន.ក.ខេត្ត ពិនិត្យពីស្ថិតិនៃការស្នើសុំដី និងផ្ទះឲ្យបានជាក់លាក់ និងម៉ត់ចត់បំផុត ដើម្បីឲ្យបងប្អូនសមាជិកដែលទីទ័ល និងខ្វះខាតនោះទទួលបានដី និងផ្ទះមុនគេ ស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គន់ គីម បានមានប្រសាសន៍រម្លឹកដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ពីសកម្មភាពការងារអាទិភាពចំនួន៣សំខាន់ គឺ ផ្លូវ ទឹក និងអគ្គិសនី ដែលជាកត្តាអាទិភាពក្នុងការលើកជាសំណើពី អ.ន.ក.ខេត្ត មកកាន់ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលអ.ន.ក. ដើម្បីបញ្ជូនសំណើទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធអនុវត្តទៅតាមជំនាញរបស់ខ្លួនឲ្យបានឆាប់សម្រាប់ជាសកម្មភាពការងារដែលត្រូវដោះស្រាយក្នុងឆ្នាំ២០២៦។
ឯកឧត្តម បន្តថា ជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងតែផ្តល់អនុសាសន៍ណែនាំជាប់ជាប្រចាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសសមាជិកទីទ័លលំបាក ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ៕ ប្រភព៖សមាគមអតីតយុទ្ធជន






