អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យមើលវឌ្ឍនភាពការងារ និងសមិទ្ធិផលនានារបស់អតីតយុទ្ធជន កំពុងរស់នៅឃុំព្រងិល

ពោធិ៍សាត់ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលវឌ្ឍនភាពការងារ និងសមិទ្ធិផលនានារបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិ ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពការងារ និងសមិទ្ធិផលនានា ឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមគ្នាប្រែក្លាយតំបន់នេះឱ្យមានការអភិវឌ្ឍ និងមានសណ្តាប់ធ្នាប់ល្អ។ ឯកឧត្តម សង្ឃឹមថា នាពេលអនាគត ភូមិនេះនឹងការកែប្រែមុខមាត់ទាំងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងសេដ្ឋកិច្ច នឹងអាចក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តពោធិ៍សាត់។
គួរជម្រាបជូនថា ភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ។ ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ សម្តេច តែងតែចងចាំជានិច្ច ទៅដល់គ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ ដោយបានសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរ ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងផ្តល់អំណោយជាស្បៀងសម្ភារ ទៅតាមលទ្ធភាពជាក់ស្តែង ដែលក្នុងនោះមានរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ជាសម្ព័ន្ធមេត្រីភាពជាមួយ៕
ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់
You might also like