បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនមួយចំនួន
តាកែវ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនបាន៩កញ្ចប់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
កម្លាំងប្រតិបត្តិការ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានចុះបង្ក្រាបជាក់ស្តែងរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន ៖
១- ឈ្មោះ ស៊ឹម ភួង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
២- ឈ្មោះ ម៉ម ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖
ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន៩កញ្ចប់ ទម្ងន់២.២៧ក្រាម (ទាំងសំបកថង់)
ទូរស័ព្ទដៃចំនួន៤គ្រឿង
សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕






