ចាប់ខ្លូនបុគ្គល២នាក់ ដែលក្លែងឯកសណ្ឋានជាមន្រ្តីអាវុធហត្ថ និងឯកសារសាធារណ:

(ភ្នំពេញ)៖ បុគ្គល២នាក់ ដែលក្លែងឯកសណ្ឋានជាមន្រ្តីអាវុធហត្ថ និងឯកសារសាធារណ: ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។
ការចាប់ខ្លួនបុគ្គលទាំងពីរនាក់នេះ ធ្វើឡើងក្រោមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
បើតាមកងរាជអាវុធហត្ថ បានកត់សម្គាល់ឃើញថា កន្លងមកបុគ្គលទាំងពីរនេះបានប្រព្រឹត្តបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបានប្រព្រឹត្តបទល្មើសផ្សេងទៀតដូចជា បទឆបោក, បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ល។
បុគ្គលទាំងពីរ រួមមាន៖
១- ឈ្មោះ យិន វណ្ណារ៉ា ហៅ លៀង ភេទប្រុស កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២- ឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅ ដេត ភេទប្រុស កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៧ មុខរបរបើកបររថយន្ត ទីកន្លែងកំណើតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤១D ផ្លូវលំចំការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមសហការផ្តល់ព័ត៌មានជូនកងរាជអាវុធហត្ថ ក្នុងករណីឃើញបុគ្គលដែលមានការសង្ស័យ៕

You might also like