លោក Xi និងលោក Putin ស្ដីបន្ទោស​គោលនយោបាយការបរទេសអាមេរិកថា«គ្មានទំនួលខុសត្រូវ» នៅជំនួបកំពូលក្រុងប៉េកាំង ​​​ ​​​​ ​​

លោក Xi Jinping និង​ លោក​ Vladimir Putin បានចេញសេចក្តីថ្កោលទោសរួមគ្នាចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកថា​​ «គ្មានទំនួលខុសត្រូវ» កាលពីថ្ងៃពុធ​ ​​​​​២០​ឧសភា ​សប្ដាហ៍នេះ​ ដោយព្រមានពី«ការវិលត្រឡប់ទៅរកច្បាប់ព្រៃ»។

សេចក្តីថ្លែងការណ៍នេះបានកើតឡើងបន្ទាប់ពីមេដឹកនាំចិន និងរុស្ស៊ីបានធ្វើកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉េកាំង ក្រោយ​​​ដំណើរទស្សនកិច្ចរបស់លោក Donald Trump​ មក​​កាន់រដ្ឋធានីរបស់ចិន​​។​ការផ្លាស់ប្តូរទស្សនៈ​​​​រវាងលោក Xi ​និង​​​ លោក​ Putin មានភាពកក់ក្តៅគួរឱ្យកត់សម្គាល់ ហើយកិច្ចប្រជុំកំពូលកាលពី​​ថ្ងៃពុធហាក់ដូចជាមានខ្លឹមសារច្រើនជាងកិច្ចប្រជុំរបស់លោក Xi ជាមួយប្រធានាធិបតីអាមេរិក។ ​​

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងពីរ​​ លោក​ Xi និង​​​លោក​​ Putin បាននិយាយថា លោកទាំងពីរ​ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ចាប់ពីបញ្ញាសិប្បនិម្មិត រហូតដល់ការការពារខ្លា ខ្លារខិន និងខ្លាឃ្មុំផេនដាដ៏កម្រ។ ទោះយ៉ាងណាក៏ដោយ មេដឹកនាំ​​ទាំងពីរ​ពុំ​បាន​ឈាន​ដល់​​កា​របញ្ចប់កិច្ចព្រមព្រៀងលើបំពង់បង្ហូរប្រេង ដែលនឹងអនុញ្ញាតឱ្យរុស្ស៊ីបង្កើនការនាំចេញឧស្ម័នហ្វូស៊ីលរបស់ខ្លួនទ្វេដងទៅកាន់ប្រទេសចិននោះទេ​។​

មេដឹកនាំ​​កំពូល​ទាំងពីរ​​​ ​បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយនឹងកំណត់ត្រាយូ​រអង្វែងនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ លោកទាំងពីរ​បានជួបគ្នាជាង ៤០ ដងរួចហើយ ហើយលោក ​ Xi ​ បានហៅ​​ទំនាក់ទំនងទ្វេភាគីថា “គ្មានដែនកំណត់”។

មេដឹកនាំទាំងពីរបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការធ្វើឱ្យខូចស្ថិរភាពសកល ជាពិសេសសម្រាប់ការស្វែងរកការអភិវឌ្ឍប្រព័ន្ធខែល​ស្ទាក់ចាប់​​មីស៊ីល”golden dome” និងការបណ្ដោយ​​ឱ្យសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរផុតកំណត់កាលពី​ខែកុម្ភៈ​​២០២៦​នេះ​។លោក​​ Putin ​បានចាកចេញ​ពី​ប្រទេសចិន​កាលពីយប់ថ្ងៃពុធ​​​​​២០ឧសភា​សប្ដាហ៍នេះ​​​​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​​​​និង​ជំនួបជាមួយ​លោក​​ Xi Jinping៕

You might also like