អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ បំភ្លឺជុំវិញការចុះផ្សាយព័ត៌មានជាភាសាចិន នៅលើបណ្តាញសង្គម We Chat ថា ” អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការចុះផ្សាយព័ត៌មាន ជាភាសាចិន នៅលើ បណ្តាញសង្គម We Chat បានធ្វើការផ្សព្វផ្សាយក្រោមចំណងជើងថា ” អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ – នៅក្នុងខ្លឹមសារនៃអត្ថបទក៏បានបន្ថែមទៀតថា៖ បុគ្គលអាយុក្រោម៤០ឆ្នាំទាំងអស់នឹងត្រូវបដិសេធ មិនឲ្យចូលប្រទេសមិនថាប្រុសឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើ មន្ត្រីនគរបាល អន្តោប្រវេសន៍ មិនដែលទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់ មនុស្សដែលមានអាយុក្រោម៤០ឆ្នាំ មិនអោយចូលមកប្រទេសកម្ពុជានោះទេ ។ បច្ចុប្បន្នអនុវត្តតាមគោល ការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការរឹតបន្តឹងការចូលប្រទេសរបស់ជន បរទេសមកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុវត្តតាមវិធានការសុវត្ថិភាព និងការពង្រឹងការគ្រប់គ្រង ជនបរទេស ក្នុងគោលបំណងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះ ភ្ញៀវទេសចរបរទេស សមាគមអ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេស នៅតែទទួលបានការ គាំពារ ការលើកទឹកចិត្តក្នុងការចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនមានការបិទការធ្វើដំណើរចេញ-ចូល ដូចការលើកឡើងខាងលើទេ ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបំភ្លឺជូនសារធារណជន មេត្តាជ្រាបថា តាម បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗ ទាំងផ្លូវអាកាស និងផ្លូវគោក គឺនៅបន្តបែបបទនៃការ ចូល-ចេញ ប្រទេសជាធម្មតា មិនមានការផ្លាស់ប្តូរណាមួយឡើយ ដែលធ្វើអោយមានការរាំងស្ទះដល់ការ ធ្វើដំណើរចូល-ចេញ ព្រះរាជាណាចក្រកម្ពុជានោះទេ។
ទន្ទឹមនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានផ្តល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេល ស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៦ ខាងមុខនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

You might also like