លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ១ មិថុនា ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការក្នុងល្បឿនលឿន ទោះទីក្រុងតេអេរ៉ង់បានគំរាមកំហែងពង្រីកសង្គ្រាមដោយបន្តបិទច្រកសមុទ្រ Hormuz និងធ្វើឱ្យចំណុចសម្ពាធផ្សេងទៀតនៅជុំវិញតំបន់នេះមានភាពច្របូកច្របល់ក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានផ្អាកការសន្ទនាជាមួយក្រុមអ្នកសម្របសម្រួល ដើម្បីតវ៉ាប្រឆាំងនឹងការពង្រីកការវាយលុករបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ជាទីដែលសម្ព័ន្ធមិត្តអាមេរិកមួយនេះ បានគំរាមវាយប្រហារម្តងទៀតលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។
ក្រោយមក លោក Trump បាននិយាយថា លោកបានបញ្ចុះបញ្ចូលអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ឱ្យបន្ថូរបន្ថយភាពតានតឹង ដោយស្ថានទូតអាមេរិកប្រចាំនៅប្រទេសលីបង់បាននិយាយថា ក្រុមសកម្មប្រយុទ្ធបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការបញ្ឈប់ការវាយប្រហារទៅវិញទៅមក។
លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការចរចាកំពុងបន្ត ក្នុងល្បឿនយ៉ាងលឿន ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
ការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ការគំរាមកំហែង និងការវាយប្រហារតាមអាកាសអស់រយៈពេលជាច្រើនសប្តាហ៍ បានបរាជ័យក្នុងការបញ្ចប់សង្គ្រាម ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាច្រកដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ននៅឈូងសមុទ្រពែក្ស។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ៣១ឧសភា ថាខ្លួនបានបើកការវាយប្រហារការពារខ្លួនលើទីតាំងរ៉ាដា និងកន្លែងត្រួតពិនិត្យយានដ្រូនរបស់អ៊ីរ៉ង់នៅកោះ Goruk និង Qeshm របស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ដែលខ្លួនបាននិយាយថាជាការឆ្លើយតបទៅនឹងសកម្មភាព “ឈ្លានពាន” ពីទីក្រុងតេអេរ៉ង់។
ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាមជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថាកងកម្លាំងអវកាសរបស់ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសដែលប្រើក្នុងអ្វីដែលខ្លួនហៅថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប៉មទូរគមនាគមន៍នៅលើកោះ Sirik ប៉ុន្តែមិនបានផ្តល់ទីតាំងនៃមូលដ្ឋាននោះទេ៕

You might also like