ឆ្លើយតបតាមតម្រូវការចាំបាច់ដែលសិស្សសាលា និងប្រជាពលរដ្ឋជួបការលំបាកកន្លងមកក្នុងការធ្វើដំណើរ និងការដឹកកសិផល សិស្សទៅរៀនសូត្រមានភាពងាយស្រួល ស្ពានមួយកន្លែងត្រូវបានសាងសង់រួច
មណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ដែលសិស្សសាលានិងប្រជាពលរដ្ឋជួបការលំបាកកន្លងមកក្នុងការធ្វើដំណើរ និងការដឹកកសិផល សិស្សទៅរៀនសូត្រមានភាពងាយស្រួល ស្ពានមួយកន្លែងត្រូវបានសាងសង់រួច។
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងមន្ត្រីរាជការក្រោមឱវាទ បានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ស្ពានអូរពង់តួ ជាប្រភេទស្ពាន សសរបេតុង ធ្នឹមដែក កម្រាលឈើ ប្រវែង ៣៦ម៉ែត្រ ទទឹង ២.៥ម៉ែត្រ ស្ថិតនៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ក្រោមអធិបតីភាព ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development និង លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះដែរក៏មានវត្តមានអញ្ជើញចូលរួមពី លោក Bernie Cleary នាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា លីមីធីត ដែលបានឧបត្ថម្ភគាំទ្រជាថវិកាចំនួន ៣០ ០០០ដុល្លារ អាជ្ញាធរមូលដ្ឋានឃុំ ភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និង សិស្សានុសិស្សជាច្រើនរូបទៀត។ មន្ទីរសង្ឃឹមយ៉ាងមុតមាំថាស្ពានមួយកន្លែងនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងសិស្សសាលាដែលរស់នៅតំបន់នោះ ដូច្នេះយើងទាំងអស់គ្នាចូលរួមថែរក្សាសមិទ្ធផលដែលបានផ្ដល់ជូនជាផ្លូវការនាពេលនេះដើម្បីជាសម្បត្តិសាធារណៈប្រើប្រាស់បានយូរអង្វែង។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានមួយកន្លែងនេះបានរៀបចំឡើងនៅក្នុងបរិវេណស្ពាន នៃភូមិទួល (ក្រុមព្រះ) ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។






