សមត្ថកិច្ចនគរបាលក្រុង បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន ០៦នាក់នៅក្រុងស្វាយរៀង

ក្រុងស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុង បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន ០៦នាក់នៅសង្កាត់គយត្របែកក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងខេត្តស្វាយរៀង។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅត្រង់ចំណុច ភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង មានមុខសញ្ញា សង្ស័យកំពុងប្រព្រឹត្តសកម្មភាពជួញដូរ គ្រឿងញៀនខុសច្បាប់។

ក្រោយពីទទួល បានព័ត៌មានរួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក បានចុះទៅដល់ទីតាំង និងបានធ្វើការស្រាវជ្រាវ ព្រមទាំងបានឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន ០៦នាក់ ប្រុស ព្រមទាំងដករហូតវត្ថុតាង ជាសារធាតុញៀន និងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ផងដែរ៕

You might also like