ជប៉ុនសរសើរកម្ពុជា ដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានកោតសរសើរចំពោះតួនាទីជប៉ុនក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព សម្រាប់កម្ពុជាចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ រហូតមក។
ពាក់ព័ន្ធនឹងកិច្ចការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ពីគោលជំហរបស់កម្ពុជាក្នុងការរក្សាភាពអត់ធ្មត់ បើកចំហឱ្យមានការចូលរួមពីភាគីទីបី និងពឹងផ្អែកលើច្បាប់អន្តរជាតិ។ ជាការឆ្លើយតប ឯកឧត្តម Ueno Atsushi បានកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ។
ក្នុងជំនួបដដែលនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនទឹកជាមួយថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ដោយឯកតោភាគី។
ចំពោះបញ្ហាព្រំដែនគោក ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបើកចំហរការចរចាទ្វេភាគីតាមរយៈយន្តការជាធរមាន ហើយក្នុងពេលអនាគត កម្ពុជាអាចប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។
ឯកឧត្តមរំពឹងថា ប្រទេសថៃនឹងគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ហើយប្រគល់មកឱ្យកម្ពុជាវិញនូវតំបន់និងប្រាសាទនានា ដែលទាហានថៃបានចូលកាន់កាប់ដោយខុសច្បាប់ក្រោយបទឈប់បាញ់កាលពីឆ្នាំមុន។
ជាចុងក្រោយ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តមឯកអគ្គរាជទូត បានប្តេជ្ញាចិត្តបន្តរក្សាទំនាក់ទំនងជាមួយគ្នា ឆ្ពោះទៅពង្រឹងមិត្តភាព ភាពជាដៃគូ និងការទូតសភារវាងកម្ពុជា និង ជប៉ុន៕






