រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាបជាច្រើនរូប។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្ម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងស្ថាប័នទាំងបីរហូតសម្រេចបានសមិទ្ធផលជាច្រើន សំដៅការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ព្រមទាំងធានានូវសន្តិសុខទឹកប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដែលជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីកិច្ចប្រឹងប្រែងរបស់ក្រសួងក្នុងការស្វែងរកប្រភពទឹក ការកសាងអាងទឹក ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការធ្វើទំនើបកម្មវិស័យឧតុនិយម ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ការងារស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់លើគ្រប់វិស័យ និងផ្តល់សេវាព្យាករឧតុនិយម ឈានទៅជូនដំណឹងដល់សាធារណជនបានទាន់ពេលវេលាអំពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់និងរាំងស្ងួត។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងស្ថាប័នទាំងបី សូមបន្តពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងមានវិធានការត្រៀមបង្ការ ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិនានា ជាអាទិ៍ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាពិសេសត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកំដៅនៅរដូវប្រាំងដោយសារបាតុភូតអ៊ែលនីញូ (El Niño) ព្រមទាំងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីបន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុផងដែរ៕






