តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះបំផ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីចំណាត់ការ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៧០១ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដែលពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៣៧០១ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ទាក់ទិននឹងករណីហិង្សាដោយចេតនា ដែលមានជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ករណីហិង្សាដោយចេតនានេះ បង្កឡើងដោយជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 បានទះកំភ្លៀងជាច្រើនដៃ ទៅលើជនរងគ្រោះ ឈ្មោះ យ៉ង សិទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំពោះមុខមនុស្សផ្សេងទៀត ដែលប្រាសចាកលើសពីការអប់រំ និងជាគម្រអាក្រក់ ចំពោះសង្គម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ យឿន សុឡា ហៅ K01 ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

You might also like