រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ «ការជំរុញទេសចរណ៍ក្នុងស្រុក ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ដោយអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និងស្របតាមទស្សនាទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី»

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីកក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា «ការជំរុញទេសចរណ៍ក្នុងស្រុក ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និង ស្របតាមទស្សនាទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី»។

ការមានប្រសាសន៍បែបនេះរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០២ ខែកក្កដាម្សិលមិញនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលនៃការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ ២០២១-២០២៥ រាជធានី ខេត្ត និង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» ដែលជាឯកសារគោលដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងការបូកសរុបសមិទ្ធផលនៃការអនុវត្តការងារកន្លងមក ព្រមទាំងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ដំណាក់កាលបន្ត ប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងចីរភាព។

សិក្ខាសាលាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត, លោក លោកស្រី ឧកញ៉ា លោក លោកស្រី តំណាងផ្នែកឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ ៣0០នាក់។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាសមិទ្ធផលដ៏មានសារៈសំខាន់នៅថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ដែលតាមរយៈសិក្ខាសាលានៅថ្ងៃនេះ, លោក បានធ្វើការកត់សម្គាល់ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង ការដឹកនាំប្រកបដោយឆន្ទៈមោះមុត របស់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, ជាពិសេស លោក លោកស្រី អភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកវិស័យ ទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្នុងនាមជាសេនាធិការ បានរួមសហការគ្នាបំពេញការងារ ប្រកបដោយភាពបុរេសកម្ម, សកម្ម, និង អន្តរសកម្ម សំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខ្លួនឱ្យបានទូលំទូលាយ, កំណត់ម៉ាកសញ្ញា (Branding) របស់រាជធានី ខេត្ត, បង្កើតការនិទានរឿង (Storytelling) អំពីគោលដៅទេសចរណ៍, និងកំណត់ម្ហូបអាហារអត្តសញ្ញាណប្រចាំខេត្ត និង តំបន់(Signature Dish)។
ជាមួយគ្នានេះ, លោករដ្ឋមន្ត្រី ក៏បានប្រកាសរៀបចំចលនាប្រឡងប្រណាំង «មន្ទីរទេសចរណ៍ឆ្នើម» ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍អាណត្តិ ឆ្នាំ២០២៦-២០៣០ ផងដែរ។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមអនុវត្តគោលការណ៍ណែនាំនេះប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង សំដៅអភិវឌ្ឍគោលដៅទេសចរណ៍នៅទូទាំងប្រទេសឱ្យកាន់តែមានគុណភាព មានភាពប្រកួតប្រជែង បរិយាបន្ន និងចីរភាព៕

You might also like