នារីបារាំងម្នាក់ មកពីថៃ លួចដឹកថ្នាំញៀនបន្លំជាសាប៊ូដុសខ្លួន ចូលអូស្ត្រាលី ត្រូវគេចាប់បាននៅព្រលាន

ស្រ្តីជនជាតិបារាំងអាយុ ៣១ ឆ្នាំម្នាក់ បានចូលខ្លួនមកកាន់តុលាការកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅ បន្ទាប់ពីនាងត្រូវបានចាប់ខ្លួនពីបទកាន់កាប់គ្រឿងញៀន ពេលធ្វើដំណើរចេញពីប្រទេសថៃ មកព្រលានយន្តហោះអន្តរជាតិ Perth ប្រទេសអូស្ត្រាលី។
តាមព័ត៌មានបានឱ្យដឹងថា ជនសង្ស័យរូបនេះបានមកដល់អូស្ត្រាលីតាំងពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅម្ល៉េះ ប៉ុន្តែរឿងក្ដីនេះទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយ ដែលពាក់ព័ន្ធនឹងនារីអូតេសជនជាតិថៃនៅក្នុងទីក្រុងមែលប៊ន។
នៅក្នុងកំឡុងពេលត្រួតពិនិត្យអីវ៉ាន់ មន្ត្រីនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បានរកឃើញកញ្ចប់សង្ស័យមួយចំនួន ដែលត្រូវបានបិទស្លាកសញ្ញាបន្លំថាជាសាប៊ូដុសខ្លួន (Body Wash) ដើម្បីគេចផុតពីការចាប់អារម្មណ៍របស់មន្ត្រីគយ។
ក្រោយពីការធ្វើពិសោធន៍ ភ្នាក់ងារជំនាញបានរកឃើញថា សារធាតុរាវដែលលាក់ក្នុងដបសាប៊ូនោះ គឺជាសារធាតុប៊ូថានឌីអុល (Butanediol) ដែលជាប្រភេទគ្រឿងញៀនម្យ៉ាង និងត្រូវបានហាមឃាត់មិនឱ្យនាំចូលតាមព្រំដែនឡើយ។
ប៉ូលីស AFP បានបញ្ជាក់ថា សារធាតុនេះមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិ ព្រោះនៅពេលចូលទៅក្នុងរាងកាយ វានឹងបំប្លែងទៅជាសារធាតុម្យ៉ាង (GHB) ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សតិស្មារតី និងគ្រោះថ្នាក់ដល់ជីវិត បើទោះបីជាប្រើក្នុងបរិមាណតិចតួចក៏ដោយ។
អាជ្ញាធរបន្ថែមថា ការនាំចូលសារធាតុប៊ូថានឌីអុល គឺជាបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ ដែលមានទោសទណ្ឌប្រហាក់ប្រហែលនឹងការជួញដូរថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហេរ៉ូអ៊ីន និងកូកាអ៊ីន ស្របតាមច្បាប់នៃប្រទេសអូស្ត្រាលី។
យ៉ាងណាមិញ ក្រៅពីសារធាតុរាវដែលបន្លំធ្វើជាសាប៊ូដុសខ្លួន មន្ត្រីស៊ើបអង្កេតក៏បានរកឃើញភស្តុតាងបន្ថែមទៀតថា ស្ត្រីជនជាតិបារាំងរូបនេះ បានលួចលាក់ទុកថ្នាំគ្រាប់ស្តេរ៉ូអ៊ីត (Steroid) ចំនួន ៤០ គ្រាប់ បង្កប់នៅក្នុងរាងកាយរបស់នាងថែមទៀតផង៕

You might also like