ASEAN Women’s Cup ៖ កម្ពុជា កក់កៅអីវគ្គ ១/២ ក្រោយវាយបកឈ្នះទីម័រខាងកើត ៣-១
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានវាយបកយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ ក្នុងការប្រកួតដំបូងនៃពានរង្វាន់បាល់ទាត់នារីតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ពូលB មុននេះបន្ដិច នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ជំនបដ៏ស្វិតស្វាញនេះ ត្រឹមរយៈពេល ២នាទី ក្រុមកីឡាការិនីទីម័រខាងកើត បានបើកការនាំមុខ ១គ្រាប់មុន មុនក្រុមបាល់ទាត់នារីកម្ពុជា វាយបកបាន ៣គ្រាប់ជាបន្ដបន្ទាប់ នៅនាទី២៩, នាទី៣៦ និងនាទី៩០+៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
ជាមួយជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ដោយស្វ័យប្រវត្ដិ ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ដែលរកបាន ៣ពិន្ទុស្មើគ្នា មុនក្រុមទាំងពីរ ត្រូវជួបគ្នាបញ្ចប់ពូលB នាថ្ងៃទី១៦ ខែកក្កដាខាងមុខ គ្រាដែលក្រុមបាល់ទាត់នារីទីម័រខាងកើត បានហាលអាវជាផ្លូវការ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា។
គួរដឹងថា ពានរង្វាន់កម្រិតទី២ ក្នុងតំបន់នេះ មាន ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូល A មានម្ចាស់ផ្ទះម៉ាឡេស៊ី ឡាវ និងសិង្ហបុរី ខណៈពូល B មានកម្ពុជា ឥណ្ឌូនេស៊ី និងទីម័រខាងកើត។ សម្រាប់ក្រុមឈរលេខ១ និងលេខ២ ក្រោយបញ្ចប់ការប្រកួតក្នុងពូល នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដាខាងមុខ។ ចំពោះក្រុមឈរលេខ១ ដល់លេខ៣ នឹងទទួលបានកៅអីលេងពានកម្រិតទី១ ASEAN Women’s Championship នាឆ្នាំក្រោយ៕






