ជនសង្ស័យជាមុខសញ្ញាដើរលួចកញ្ចក់ឡាន និងម៉ូតូយ៉ាងសកម្មម្នាក់ សមត្ថកិច្ចឃាត់ខ្លួនបានហើយ
ភ្នំពេញ÷ ជនសង្ស័យម្នាក់ ជាមុខសញ្ញាយ៉ាងសកម្ម ពាក់ព័ន្ធ០៣ករណី លួចកញ្ចក់រថយន្ត និងម៉ូតូពេល នេះត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦នេះ នៅចំណុចមុខផ្សារចាស់ ផ្លូវ១៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យ ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ (មិនពិតប្រាកដ) ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំពី លោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានឱ្យកម្លាំងនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ពាក់ ព័ន្ធ ៣ករណី ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ។ ក្នុងនោះករណីទី១:លួចម៉ូតូ ០១គ្រឿង នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា , ករណីទី២ : កាលពីវេលាម៉ោង៧ :១០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានធ្វើសកម្មភាពលួចកញ្ចក់ឡាន នៅត្រង់ចំណុចសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ , និងករណីទី៣ : ធ្វើសកម្មភាពលួចកញ្ចក់ឡាន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ធ្វើការសាកសួរបន្តដើម្បីចាត់ការតាមននីតិវិធី ៕






