ប្រឡាយមេអាទិភាពមួយក្នុងខណ្ឌដង្កោបានដើរតួនាទីសំខាន់ ជួយរំដោះទឹកពីតាមតំបន់ជាច្រើននៅរាជធានីភ្នំពេញ
ប្រឡាយមេអាទិភាពមួយក្នុងខណ្ឌដង្កោ បានដើរតួនាទីសំខាន់ ក្នុងការជួយរំដោះទឹកពីតាមតំបន់ប្រឈមនានាជាច្រើន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ អាជ្ញាធរ នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចុះផ្ទាល់ដោយ ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ តែងចុះជាប់លាប់ជាប់ប្រចាំ ក្នុងការពិនិត្យ ជួសជុល និងកែសម្រួលប្រព័ន្ធអណ្តូងលូតូចធំ ក៏ដូចជាប្រឡាយអាទិភាពសំខាន់នានាជាច្រើន នៅតាមថ្នាក់មូលដ្ឋានខណ្ឌពាក់ពន្ធ សំដៅធ្វើយ៉ាងណា ដើម្បីអាចឲ្យប្រព័ន្ធលូ និងប្រឡាយទាំងអស់ អាចនាំលំហូរទឹកទៅបានដោយរលូន មិនបង្កការរាំងស្ទះដោយកត្តាណាមួយនោះឡើយ ។
ជាក់ស្តែង ក្រុមការងាអាជ្ញាធរ បានបន្តទម្លាក់គ្រឿងចក្របន្ថែម ក្នុងការចុះកាយ និងស្តារប្រឡាយម័ល ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ស្របតាមបណ្តោយផ្លូវលេខ៣៧១ ដើម្បីរំដោះបញ្ហារាំងស្ទះនានា ដែលកើតមានឡើងដោយសារស្មៅ សំរាម និងដីភក់ដែលកក់កុញនៅក្នុងជម្រៅប្រឡាយ ដែលជាកត្តាធ្វើឲ្យបរិមាទឹកហូរបានយឺតយ៉ាវ ស្របពេលអាកាសធាតុបន្តធ្លាក់ភ្លៀងប្រចាំថ្ងៃផងនោះ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ខាងលើ បង្ហាញឆន្ទៈរីករាយ ក្នុងការចូលរួមជាមួយអាជ្ញាធរ និងសង្គមជាតិ ដើម្បីថែទាំប្រឡាយឲ្យបានស្អាត តាមរយៈសកម្មភាពមិនចោលសំរាម ឬកាកសំណល់នានាទៅក្នុងផ្ទៃប្រឡាយ ដើម្បីបរិស្ថាន អនាម័យ និងបញ្ចៀសបានពីការជន់លិចក្នុងរដូវវស្សានេះ ។
គួរបញ្ជាក់ថា ប្រឡាយម័លខាងលើ គឺជាប្រព័ន្ធបង្ហូរទឹកសំខាន់មួយ មានប្រវែង ៣៣០០ម៉ែត្រ ដែលលាតសន្ធឹងពីព្រំប្រទល់សង្កាត់ចាក់អង្រែលើ នៃខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង នៃខណ្ឌដង្កោ ។
ប្រឡាយនេះ ជាចរន្តទឹក តភ្ជាប់ពីស្ថានីយ៍ប៊ូមទឹកបឹងទំពន់ ភ្ជាប់បន្តទៅកាន់ស្ថានីយ៍លូ៥ នឹងហូរបន្តទៅកាន់ប្រឡាយធំបន្តបន្ទាប់ទៀត ដែលឋិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលជាផ្នែកជួយរំដោះទឹកធំមួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅរៀងរាល់មានការជន់លិចខ្លាំងម្តងៗ៕






