នគរបាលស្រុកបរសេដ្ឋ ឃាត់ខ្លួនក្មេងទំនើងបួននាក់ ជិះម៉ូតូបង្ហោះលើផ្លូវជាតិលេខ៣
ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ តាមអាខោន ហ្វេសបុកបានផុសក្នុងបណ្តាញសង្គមពីសកម្មភាពក្រុមក្មេងទំនើង០១ក្រុមបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ពីទិសខាងជើងទៅទិសខាងត្បូង ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២៦ ។
ប្រភពបានឲ្យដឹងថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុក សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការស្រាវជ្រាវករណីក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កភាពអសន្តិសុខក្នុងសង្គម និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរស្របជាមួយគ្នាលើដងផ្លូវ ។
ជាលទ្ធផលសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន០៤នាក់ ៖
១/-ឈ្មោះឡេង វីរៈ ភេទប្រុស អាយុ២២ឆ្នាំ (ជាអ្នក ជួយលើកកាងម៉ូតូជំនួយក្នុងកាបង្ហោះ) រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
២/-ឈ្មោះង៉ែត វត្តនា ភេទប្រុស អាយុ១៨ឆ្នាំ (ជាអ្នកបង្ហោះ) រស់នៅភូមិវៈពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
៣/-ឈ្មោះហោ ហាន ភេទប្រុស អាយុ១៦ឆ្នាំ (ជាអ្នកបង្ហោះ) រស់នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តកំពង់កែវ ។
៤/-ឈ្មោះផាន រស្មី ភេទប្រុស អាយុ១៩ឆ្នាំ (ជាអ្នកបង្ហោះ) រស់នៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង(ម៉ូតូ) ជិះធ្វើ សកម្មភាពបង្ហោះ បានចំនួន០២គ្រឿងម៉ាកC125 ពណ៌ខ្មៅ ដូកាបាំងពណ៌ស សេរីឆ្នាំ២០២៤ ដូរសេរីឆ្នាំ២០២៣ ស្លាកលេខតាកែវ1AD-8168 និង០១ គ្រឿងទៀត សេរីឆ្នាំ២០២៤ ឡើងសេរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ចំពោះមុខសញ្ញាក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រាកដមែន ។
កម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំ ប្រគល់ជូនឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនិងកោរសក់ហើយឲ្យត្រលប់ទៅមូលដ្ឋានវិញ។ ចំណែកវត្ថុតាងម៉ូតូរក្សាទុកចំនួន០៣ខែ ឬ៩០ថ្ងៃ ៕






