លោក ឃួង ស្រេង៖ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាមួយនិងការជម្រុញផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅក្នុងបែបស៊ីវីល័យ។
លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈឯកឧត្ដមនិងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ។
លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានខឹងខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្ដារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដម អភិបាលបន្តថា៖ បើទោះបីមានបញ្ហាជម្លោះជាមួយនិងប្រទេសថៃ ប៉ុន្តែវាមិនបានរំខាន ដល់ការដើរទៅមុខរបស់កម្ពុជាឡើយ។សមត្ថកិច្ចក៏ដូចជាអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ត្រូវពង្រឹង កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ខណៈ ប្រជា ពលរដ្ឋរស់នៅរាជធានីភ្នំពេញកំពុងរស់ក្នុងបែបស៊ី វិល័យ ដែលទាមទារឲ្យមន្ត្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានភាពស៊ីវីល័យដូច្នោះដែរ។
លោក ឃួង ស្រេង ក៏បានណែនាំឲ្យបន្តពិនិត្យលើការងារ នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយ នៅថ្នាក់ខណ្ឌ សង្កាត់ ឱ្យកាន់តែល្អប្រសើរទៅតាមអនុសាសន៍របស់សម្ដេចបបរធិបតីហ៊ុនម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។ នៅរាជធានីភ្នំពេញ មានបញ្ហាប្រឈម៣ ដែលយើងបាននិងកំពុងដោះស្រាយ នោះគឺបញ្ហាប្រឈមសំណល់រឹង ជំនន់ទឹកភ្លៀងនិងការកកស្ទះចរាចរណ៍។កិច្ចការទាំងនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដោះស្រាយទាំងការរៀបចំឲ្យមាន ខ្សែរត់រថយន្តក្រុងចាប់ពីច្រមុះជ្រូកចោមចៅតាមផ្លូវលេខ២១៧ ឆ្ពោះមកបេនឡាន សូរិយា។ ខ្សែរត់ថ្មីនេះ ទាមទារឲ្យមានការកំណត់ម៉ោង ពេលឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រ ជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការទទួល សេវាដឹកជញ្ជូនរថយន្តក្រុង ខ្សែរត់ថ្មីនេះ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានទាំងអស់ ចុះធ្វើការងារជា មួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) នៅតាមខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ដើម្បីជម្រុញឱ្យ (គ.ក.ស.ក) ខណ្ឌ សង្កាត់ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ ខណៈដែលនៅរាជធានីភ្នំ ពេញរបស់យើងបានជួយលើសកម្មភាពការងាររបស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៅរាជធានីភ្នំពេញបានចំណាត់ថ្នាក់លេខ១។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានអរគុណចំពោះការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពិសេស គឺការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ។ ជាក់ស្តែង ការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយៈ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ បានដំណើរការទៅបានល្អនិងជោគជ័យ។ ការផ្ដល់សេវា តាមច្រកចេញ ចូលតែមួយរាជធានី ខណ្ឌ សង្កាត់ បានល្អប្រសើរ ដោយនៅក្នុងខែកក្កដាកន្លងមកនេះ ការផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន២៤០៣៣សេវា កើនឡើងជាង៨០០សេវា។ សេវារថយន្តក្រុង មានអ្នកជិះចំនួន៧១ម៉ឺននាក់កើនឡើងជាងខែមិថុនា ។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ៕






