ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជនប្រឡងបាក់ឌុប បានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិដោយជោគជ័យ និងចាប់ផ្តើមដំណើរការកំណែនៅថ្ងៃស្អែកនេះ
(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ បានដឹកពីបណ្ដាខេត្ត មកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិដោយជោគជ័យ និងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពី សំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ។
ហឹបដុំសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងត្រូវបន្តរក្សាទុកយ៉ាងត្រឹមត្រូវសុវត្ថិភាពក្នុងបន្ទប់ចាក់សោ ដោយមានបិតសាឡេ និងការពារនៅលើទ្វារបន្ទប់ សម្រាប់ត្រៀមធ្វើការបែងបន្តទៅតាមមណ្ឌលកំណែទាំង ១០នៅរាជធានីភ្នំពេញ។
ដំណើរការកំណែនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ហើយតាមការគ្រោងទុក ក្រសួងកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕






