ភ្ញាក់ផ្អើល នារីស្រស់ស្អាតជនជាតិចិនម្នាក់ ហោះចេញពីម៉ាឡេស៊ីទៅថៃ ឥឡូវបាត់ដំណឹងសូន្យឈឹង ក្រុមគ្រួសារទាក់ទងលែងបាន

ថ្មីៗនេះ មានករណីដែលផ្ទុះផ្អើលមួយ ដោយនារីជនជាតិចិនវ័យ ២៤ ឆ្នាំម្នាក់ កំពុងបាត់ខ្លួន ក្រោយធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ប្រទេសថៃ ធ្វើឱ្យសាច់ញាតិក្រុមគ្រួសារកំពុងព្រួយបារម្ភខ្លាំង។

តាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា នារីវ័យក្មេងខាងលើមានឈ្មោះថា Qi Ming ដោយរូបនាងបានចំណាយពេលកម្សាន្តក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រយៈពេល ១ សប្ដាហ៍ មុនធ្វើដំណើរហោះហើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅ តាមក្រុមហ៊ុន Malaysia Airlines ជើងហោះហើរលេខ MH784។
ក្រោយចុះចតដល់ព្រលានយន្តហោះអន្តរជាតិ Suvarnabhumi នាង Qi Ming ត្រូវបានគេដឹងថា បានឡើងឡានជាមួយជនប្លែកមុខម្នាក់ធ្វើដំណើរទៅកាន់ខេត្តឈៀងម៉ៃ ហើយចាប់ពីពេលនោះមក ក្រុមគ្រួសារនាងក៏ទាក់ទងនាងលែងបានតែម្ដង។

យោងតាមការបញ្ជាក់ពីមិត្តភក្តិរបស់នារីចិនខាងលើ បានឱ្យដឹងថា ក្រុមគ្រួសាររបស់នាងគឺកំពុងតែព្រួយបារម្ភខ្លាំងបំផុត ដោយសារតែពួកគេទាក់ទងទៅនាងលែងបាន។ ក្នុងនោះដែរ ក៏មានការបង្ហោះលើបណ្ដាញសង្គមដោយអះអាងថា ក្រុមគ្រួសាររបស់នាង Qi Ming គឺពិបាកចិត្តខ្លាំង រហូតមានអ្នកធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យទៀត។ ដោយឡែក ក៏មានការលើកឡើងមិនច្បាស់ការដែរថា នាង Qi អាចនឹងរៀបគម្រោងដើរកម្សាន្តក្រៅប្រទេសជាមួយនរណាម្នាក់ ដែលនាងទើបតែបានស្គាល់តាមអនឡាញ។
មកដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ ខាងស្ថានទូតចិនប្រចាំប្រទេសថៃ ក៏បានចេញមកបញ្ជាក់ថា ក្រុមគ្រួសាររបស់នាង Qi ពិតជាបានទាក់ទងទៅពួកគេឱ្យជួយពិតមែន ដោយខាងស្ថានទូតក៏បានពន្យល់ក្រុមគ្រួសារនារីដែលបាត់ខ្លួន ពីរបៀបដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសថៃ ហើយក៏បញ្ជាក់ដែរថាពួកគេនឹងបន្តផ្ដល់ជាជំនួយចាំបាច់ដល់ក្រុមគ្រួសារជនរងគ្រោះ។
បច្ចុប្បន្ន នារីដែលបាត់ខ្លួនឈ្មោះ Qi Ming គឺនៅមិនទាន់ដឹងដល់ទីណានោះទេ ខណៈការស៊ើបអង្កេតស្វែងរកកំពុងបន្តនៅឡើយ៕

You might also like