ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ — ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បានបើកជាផ្លូវការនៅថ្ងៃនេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយប្រមូលផ្តុំក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង ២០០ មកតាំងបង្ហាញគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនទំនើប ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងដំណោះស្រាយនវានុវត្តន៍សម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា។

ព្រឹត្តិការណ៍រយៈពេលបួនថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហានេះ រួមមានពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2026) ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ (CTG 2026) និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ លើកទី១០។ ពិព័រណ៍ទាំងនេះមានគោលបំណងជំរុញការផ្ទេរបច្ចេកវិទ្យា បង្កើតភាពជាដៃគូធុរកិច្ច និងបើកឱកាសវិនិយោគថ្មីៗ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យសហគ្រាសកម្ពុជាចាប់យកបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាព លើកកម្ពស់គុណភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «បញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត បច្ចេកវិទ្យាឌីជីថល និងផលិតកម្មឆ្លាតវៃ កំពុងក្លាយជាកត្តាកំណត់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗ។ សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀននេះបានទេ។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសរបស់យើង»។

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រដែលបានចុះបញ្ជី និងកំពុងដំណើរការចំនួន ៣ ៣៥៧ រោងចក្រ ដោយផ្តល់ការងារជាង ១,៣៥ លានកន្លែង ក្នុងនោះស្ត្រីមានជាង ៧០%។ ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មធុនធ្ងន់មានប្រមាណ ២៨,០៨ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦ តម្លៃផលិតកម្មឧស្សាហកម្មមានជាង ៩,៨ ប៊ីលានដុល្លារអាមេរិក ក្នុងនោះផលិតផលសម្រាប់នាំចេញមានតម្លៃប្រមាណ ៧,៣ ប៊ីលានដុល្លារអាមេរិក។

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងអំពីកិច្ចខិខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម បន្ថែមលើពីមូលដ្ឋានឧស្សាហកម្មប្រពៃណី តាមរយៈការពង្រីកសមត្ថភាពឧស្សាហកម្មក្នុងវិស័យយានយន្ត និងគ្រឿងបន្លាស់រថយន្ត ការកែច្នៃម្ហូបអាហារ អេឡិចត្រូនិក សារធាតុគីមី គ្រឿងសង្ហារឹម និងឧស្សាហកម្មកម្មន្តសាលផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ «អនាគតនៃឧស្សាហកម្មកម្ពុជា មិនអាចសម្រេចបានដោយរាជរដ្ឋាភិបាលតែឯងនោះទេ តែត្រូវការកិច្ចសហការពីគ្រប់ភាគី៖ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន វិនិយោគិន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍។ ខ្ញុំជឿជាក់ថា តាមរយៈភាពជាដៃគូដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នា យើងនឹងអាចកសាងខឿនឧស្សាហកម្មកម្ពុជាដែលកាន់តែមានភាពប្រកួតប្រជែង ភាពធន់ នវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ»។

ពិព័រណ៍រយៈពេល ៤ ថ្ងៃនេះ រៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់នូវវេទិកាសម្រាប់បង្ហាញបច្ចេកវិទ្យាឧស្សាហកម្មថ្មីៗ ជំរុញការតភ្ជាប់ធុរកិច្ច និងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យកម្មន្តសាលកម្ពុជា។

You might also like