អភិបាលខេត្តកណ្ដាល ចុះពិនិត្យគម្រោងសាងសង់អគារសិក្សាចំនួន ៣សាលា ក្នុងក្រុងអរិយក្សត្រ
កណ្ដាល ៖ អគារសិក្សាចំនួន ៣ខ្នង និងអាគារបណ្ណាល័យចំនួន១ ក្នុងសាលាចំនួន៣ ស្មើនឹង ៣៨បន្ទប់ និង ៣បន្ទប់ទឹក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងដំណើរការសាងសង់ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងអរិយក្ស និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងកំពង់សាងសង់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
អាគារសិក្សាដែលកំពុងសាងសង់នេះ រួមមាន៖ ១.សាលាមត្តេយ្យខ្មែរអមត ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រក្រុងអរិយក្សត្រ ចំនួន០១ខ្នង ទំហំទទឹង ០៩ម៉ែត្រ បណ្តោយ ៥១ម៉ែត្រ ស្មើនឹង ០៧បន្ទប់ រាងអក្សរ (អិលL) និងបន្ទប់ទឹកចំនួន ០៣នបន្ទប់។ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ សម្រេចបានលទ្ធផលប្រមាណជា ៨៥% (គិតត្រឹមថ្ងៃទី១២សីហា ឆ្នាំ២០២៦) នៅសេសសល់ ៖ ប្រក់ក្បឿង, ការ៉ូបាត, និងលាបថ្នាំ។ ២.វិទ្យាល័យព្រែកលួង ក្នុងភូមិព្រែកថោង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល មានចំនួន ០១ខ្នង កម្ពស់ ០៣ជាន់ ស្មើនឹង ១៨បន្ទប់។ សាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សម្រេចបាន ប្រមាណ ៣៥% គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានរួចរាល់១ជាន់ ចាក់សរសរឡើងជាន់ទី២ និងរៀបឥដ្ឋខាងក្រោម។ ៣.សាលាបឋមសិក្សាព្រែកអំពិល ភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ចំនួន ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១០បន្ទប់ ទទឹង ០៩ ម៉ែត្រ និងបណ្តោយ ៤៦ម៉ែត្រ។ ទីចាត់ការ ០១ខ្នង ចំនួន០១ជាន់ ០៣ បន្ទប់ទទឹងប្រវែង០៩ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រ មានបង្គន់អនាម័យចំនួន០១ខ្នង ចំនួន ០៥បន្ទប់ ប្រវែងទទឹង ៣,៥ម៉ែត្រ និងបណ្តោយ៦.៥ ម៉ែត្រ។ សាងសង់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ វឌ្ឍនភាពសម្រេចបានជារួមប្រមាណ ៧៥% គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា គម្រោងសាងសង់អគារសិក្សាថ្មីនេះ គឺមានសារៈសំខាន់ខ្លាំង ក្នុងការបង្កើនសមត្ថភាពទទួលសិស្ស និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយអគារសិក្សានេះដែរ ក៏នឹងរួមចំណែកពង្រីកវិស័យអប់រំ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់ ដែលមានតម្រូវការកើនឡើងជារាងរាល់ឆ្នាំផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់អ្នកទទួលគម្រោងសាងសង់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើការអនុវត្តការងារ ឱ្យស្របទៅតាមស្តង់ដាលក្ខណៈបច្ចេកទេសសំណង់ ត្រូវធានាថាសំណង់មានគុណភាពខ្ពស់ មានសុវត្ថិភាព មួយវិញទៀត គណៈគ្រប់គ្រងសាលាត្រូវខិតខំរៀបចំបរិវេណសាលាឱ្យមានសោភ័ណភាព និងបរិយាកាសអំណោយផលដល់ការបង្រៀន និងការរៀនសូត្ររបស់សិស្សានុសិស្ស៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល






