ពីឡុត បេីកយន្តហោះចាកចេញពីភូកេតថៃ មានជាតិកញ្ឆាក្នុងខ្លួន បើកយន្តហោះធ្លាក់ កម្ពស់ ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់រងរបួស!

ថ្មីៗនេះ!  វិស័យអាកាសចរណ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានពីឡុតម្នាក់របស់ក្រុមហ៊ុន Air India មានផ្ទុកសារធាតុកញ្ឆា និងសារធាតុញៀនក្នុងរាងកាយ ហើយជ្រុលបើកយន្តហោះដោយគ្មានការប្រុងប្រយ័ត្ន បណ្តាលឱ្យជួបឧប្បត្តិហេតុធ្លាក់កម្ពស់នៅកណ្តាលអាកាស។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីសប្តាហ៍មុន ខណៈដែលយន្តហោះប្រភេទ Airbus A320neo កំពុងហោះហើរលើមេឃ ស្រាប់តែបានធ្លាក់កម្ពស់ចុះក្រោមប្រហែលជិត ១០០ ម៉ែត្រមួយរំពេច ដែលបានធ្វើឱ្យអ្នកដំណើរ និងអ្នកបម្រើការលើយន្តហោះដែលមិនបានពាក់ខ្សែក្រវាត់ ត្រូវខ្ទាតបោកនឹងពិតានយន្តហោះយ៉ាងខ្លាំង។
ករណីនេះ បានបណ្ដាលឱ្យមនុស្សសរុប ១៧ នាក់រងរបួស ក្នុងនោះរួមមានអ្នកដំណើរ ១៣ នាក់ និង បុគ្គលិកលើយន្តហោះ ៤ នាក់ទៀត។ ដោយឡែក យន្តហោះនេះ បានដឹកមនុស្សសរុប ១៤៥ នាក់ ឆ្ពោះចេញពីខេត្តភូកេតទៅកាន់ទីក្រុងញូដេលី ហើយហេតុការណ៍នេះ បានកើតឡើងពេលកំពុងហោះហើរលើដែនអាកាសនៃរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។
ក្រោយពីកើតហេតុភ្លាម ក្រសួងអាកាសចរណ៍ស៊ីវិលរបស់ប្រទេសឥណ្ឌា បានចេញចំណាត់ការយ៉ាងក្ដៅគគុក ដោយបានកោះហៅលោក Campbell Wilson នាយកប្រតិបត្តិនៃក្រុមហ៊ុន Air India ឱ្យចូលមកជួប និងផ្ដល់សេចក្តីបំភ្លឺជាបន្ទាន់អំពីមូលហេតុពិតប្រាកដ និងវិធានការសុវត្ថិភាពរបស់ក្រុមហ៊ុនចំពោះបុគ្គលិកបើកបរ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌា លទ្ធផលតេស្តបឋមលើក្រុមអ្នកបើកបរ បានរកឃើញថាមានផ្ទុកសារធាតុដែលជះឥទ្ធិពលដល់ប្រព័ន្ធប្រសាទ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះត្រូវបញ្ជូនទៅកាន់មន្ទីរពិសោធន៍កម្រិតខ្ពស់ម្ដងទៀត ដើម្បីធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់ ១០០ ភាគរយ មុននឹងឈានទៅដល់ការដាក់ទោសទណ្ឌតាមច្បាប់។
ដោយឡែក ខាងភាគីក្រុមហ៊ុន Air India បានចេញមុខបញ្ជាក់ថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍ផ្លូវការអំពីលទ្ធផលតេស្តសារធាតុញៀនរបស់អ្នកបើកបររូបនោះនៅឡើយទេ តែក្រុមហ៊ុនបានអះអាងថា ខ្លួនកំពុងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេត។
បច្ចុប្បន្ន ក្រុមហ៊ុន Air India ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធក្រុមហ៊ុនមហាសេដ្ឋី Tata Group កំពុងរងសម្ពាធយ៉ាងខ្លាំងជុំវិញស្តង់ដារសុវត្ថិភាព ដោយឡែក ករណីអ្នកបើកបរប្រើប្រាស់សារធាតុញៀនក្នុងពេលបំពេញការងារ ត្រូវបានចាត់ទុកថាជាកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុត ដែលអាចប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់រយនាក់ក្នុងពេលតែមួយ៕

You might also like