កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ «តារា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជា និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅវេលាយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនរគរបាលជាតិ ទទួលបន្ទុកផែននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «តារា៧២» មានទីតាំងស្ថិតនៅផ្លូវលូប្រាំ ភូមិទ្រា៤ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន (ពេស្យាចារកុមារ)។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ស្រី១៦នាក់) ក្នុងនោះមានអនីតិជន ០៣នាក់ ដើម្បីធ្វើការសាកសួរ និងកំណត់អត្តសញ្ញាណ។
បច្ចុប្បន្នជនរងគ្រោះ និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី។ ចំពោះជនរងគ្រោះបន្ទាប់ពីបញ្ចប់ការសាកសួររួចរាល់នឹងត្រូវបញ្ជូនទៅកាន់មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីទទួលបានការគាំពារ និងកិច្ចគាំទ្រនានាតាមផ្លូវច្បាប់ ចំណែកជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាកា។
អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អនីតិជនក្នុងគ្រប់ទម្រង់នៃកេងប្រវ័ញ្ចផ្លូវភេទ និងការងារធ្ងន់ធ្ងរឡើយ។
សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើអនីតិជន នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាព និងអនាគតរបស់កុមារកម្ពុជាអនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
សូមរាយការណ៍មកលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨ ក្នុងករណីសង្ស័យមានអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់លើអនីតិជន។

You might also like