រដ្ឋមន្ត្រីក្រសួងព័ត៌មាន! កម្ពុជាជ្រើសរើសច្បាប់៖ ពីការបញ្ចប់ MOU-2001 ជាឯកតោភាគីរបស់ថៃ ទៅកាន់នីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOS

(ភ្នំពេញ)៖​​ ដើម្បីជូនជាចំណេះដឹង និងរំឭកពីព្រឹត្តិការណ៍សំខាន់ៗជូនដល់សាធារណជន អំពីដំណើរការនីតិវិធីទម្រាំនឹងមានការប្រកាសពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលត្រូវឆ្លងកាត់ដំណាក់កាល និងការសម្រេចចិត្តយ៉ាងច្រើន។
ជុំវិញករណីនេះ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២៦នេះ សូមចែករំលែកនូវព័ត៌មាន កាល្បប្រវត្តិ និងព្រឹត្តិការណ៍ រួមនឹងហេតុផលមួយចំនួនដូចខាងក្រោម៖
ការការពារអធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់ប្រជាជាតិមួយ មិនចាំបាច់ត្រូវតែធ្វើឡើងតាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ។ សម្រាប់ប្រទេសមួយដែលគោរពច្បាប់អន្តរជាតិ ការប្រើប្រាស់យន្តការសន្តិវិធី និងនីតិវិធីដែលច្បាប់អន្តរជាតិបានផ្តល់ឱ្យ គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាប់ផ្តើម នីតិវិធីផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ដើម្បីដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ គឺជាការបង្ហាញយ៉ាងច្បាស់នូវគោលនយោបាយប្រកាន់ខ្ជាប់សន្តិភាព ច្បាប់អន្តរជាតិ និងការការពារអធិបតេយ្យនិងផលប្រយោជន៍ជាតិដោយមធ្យោបាយច្បាប់។
*១. ២៥ឆ្នាំនៃក្របខណ្ឌចរចាទ្វេភាគី
អស់រយៈពេលជាងពីរទសវត្សរ៍មកនេះ កម្ពុជា និងថៃមានក្របខណ្ឌដែលភាគីទាំងពីរបានឯកភាពគ្នា សម្រាប់ដោះស្រាយបញ្ហាការទាមទារលើដែនសមុទ្រត្រួតគ្នានៅឈូងសមុទ្រថៃ គឺអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU-2001) ដែលជាយន្តការដោះស្រាយបញ្ហាតែមួយគត់ដែលប្រទេសទាំងពីរមាន។
MOU-2001 មិនបានកំណត់ព្រំដែនសមុទ្ររួចជាស្រេចនោះទេ ប៉ុន្តែវាបានបង្កើតក្របខណ្ឌទ្វេភាគីសម្រាប់ប្រទេសទាំងពីរបន្តចរចាគ្នាដោយសន្តិវិធី ទាំងលើបញ្ហាកំណត់ព្រំដែនសមុទ្រ និងការស្វែងរកលទ្ធភាពអភិវឌ្ឍធនធានក្នុងតំបន់ទាមទារត្រួតគ្នា។ អស់រយៈពេលប្រមាណ ២៥ឆ្នាំ ក្របខណ្ឌនេះបានដើរតួនាទីជាយន្តការទ្វេភាគីដ៏សំខាន់សម្រាប់ការគ្រប់គ្រងវិវាទ ដោយទប់ស្កាត់មិនឱ្យការខ្វែងគំនិតផ្នែកព្រំដែនសមុទ្រវិវត្តទៅជាការប្រឈមមុខគ្នា។
ប៉ុន្តែនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃ បានសម្រេចបញ្ចប់ MOU-2001 ជាឯកតោភាគី ទោះបីជាមានការស្នើម្តងហើយម្តងទៀតពីភាគីកម្ពុជាលើការរក្សាយន្តការទ្វេភាគីនេះ។ ការសម្រេចនេះបានធ្វើឱ្យក្របខណ្ឌទ្វេភាគីតែមួយគត់ដែលធ្លាប់ត្រូវបានប្រើប្រាស់អស់រយៈពេលជាង ២៥ឆ្នាំមកនេះ ត្រូវបានលុបចោល។ សម្រាប់កម្ពុជា សំណួរជាយុទ្ធសាស្ត្រដ៏សំខាន់នៅពេលនោះគឺ៖ នៅពេលក្របខណ្ឌចរចាដែលបានឯកភាពគ្នាត្រូវបានបញ្ចប់ តើកម្ពុជាត្រូវការពារសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍ជាតិរបស់ខ្លួនតាមមធ្យោបាយណា? ចម្លើយរបស់ព្រះរាជាណាចក្រកម្ពុជា គឺមានតែច្បាប់អន្តរជាតិ និងដំណោះស្រាយដោយសន្តិវិធី។
*២. ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦៖ ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងសារពិសេសជូនជនរួមជាតិ ប្រកាសពីការសម្រេចចិត្តដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាបានផ្ញើសេចក្តីជូនដំណឹងជាផ្លូវការ (Notification of Conciliation) ទៅកាន់រាជរដ្ឋាភិបាលថៃ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។
នេះមិនមែនជាការសម្រេចចិត្តធ្វើឡើងដោយប្រញាប់ប្រញាល់ឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានពិនិត្យយ៉ាងម៉ត់ចត់បំផុតលើជម្រើសផ្លូវច្បាប់ និងយន្តការសន្តិវិធីដែលអាចប្រើប្រាស់បាន បន្ទាប់ពីក្របខណ្ឌ MOU-2001 ត្រូវបានបញ្ចប់ជាឯកតោភាគីដោយរដ្ឋាភិបាលថៃ។
សម្តេចធិបតីបានបញ្ជាក់ច្បាស់ថា កម្ពុជាធ្វើដូច្នេះដើម្បី ការពារអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។
ចំណុចនេះមានសារៈសំខាន់ខ្លាំង ព្រោះទាំងកម្ពុជា និងថៃសុទ្ធតែជារដ្ឋភាគីនៃ UNCLOS។ ដូច្នេះ កម្ពុជាមិនបានបង្កើតយន្តការថ្មីដោយឯកតោភាគី ឬបង្ខំឱ្យមានក្របខណ្ឌច្បាប់ដែលថៃ មិនទទួលស្គាល់នោះទេ។ កម្ពុជាបានប្រើប្រាស់យន្តការដែលមានស្រាប់ក្នុងអនុសញ្ញាអន្តរជាតិដែលប្រទេសទាំងពីរជាភាគី។ នេះជាការបញ្ជូនវិវាទពីស្ថានភាពដែលក្របខណ្ឌទ្វេភាគីត្រូវបានដកចេញ ទៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់។
*៣. «យន្តការផ្សះផ្សាដោយបង្ខំ» ជួយស្វែងរកមូលដ្ឋានសម្រាប់ដំណោះស្រាយដែលអាចទទួលយកបាន
គណៈកម្មការផ្សះផ្សាមានតួនាទីជួយសម្របសម្រួល ពិនិត្យបញ្ហា ស្តាប់ទស្សនៈរបស់ភាគីទាំងពីរ និងជួយស្វែងរកមូលដ្ឋានសម្រាប់ដំណោះស្រាយដែលអាចទទួលយកបាន។ ដូច្នេះ ការចាប់ផ្តើមនីតិវិធីនេះមិនមែនជាការបិទទ្វារចរចាទេ។

ផ្ទុយទៅវិញ វាគឺជាការនាំការចរចាចូលទៅក្នុងក្របខណ្ឌអន្តរជាតិមួយដែលមានរចនាសម្ព័ន្ធ មានអ្នកជំនាញឯករាជ្យ និងមានច្បាប់ជាមូលដ្ឋាន។ ដូចដែលសម្តេចធិបតី បានបញ្ជាក់ថាកម្ពុជា​ មិនបោះបង់ការសន្ទនាទេ ប៉ុន្តែកម្ពុជាកំពុងនាំការសន្ទនាចូលក្នុងក្របខណ្ឌអន្តរជាតិដែលប្រទេសទាំងពីរទទួលស្គាល់។
*៤. ថ្ងៃទី១៩ ខែមិថុនា៖ ភាគីថៃ​​​​ ​បានសម្រេចចូលរួមក្នុងនីតិវិធី
មុនការសម្រេចចិត្ត ភាគីថៃបានបង្ហាញនូវការអត្ថាធិប្បាយជាច្រើន និងខ្លះបានលើកឡើងថាថៃ មិនត្រូវចូលរួមក្នុងដំណើរការនេះឡើយ ប៉ុន្តែដំណាក់កាលសំខាន់បន្ទាប់បានកើតឡើង គឺនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ភាគីថៃ បានដាក់លិខិតឆ្លើយតបជាផ្លូវការចំពោះសេចក្តីជូនដំណឹងរបស់កម្ពុជា ដោយបញ្ជាក់ពីការចូលរួមក្នុងនីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។
កម្ពុជាបានតែងតាំងអ្នកផ្សះផ្សាចំនួន ២រូប គឺលោក Peter Taksøe-Jensen អ្នកការទូត និងអ្នកជំនាញច្បាប់អន្តរជាតិជនជាតិដាណឺម៉ាក ដែលធ្លាប់ធ្វើជាប្រធានគណៈកម្មការផ្សះផ្សាក្នុងករណី Timor-Leste v. Australia ក្រោម UNCLOS និងលោកសាស្ត្រាចារ្យ Jean-Marc Thouvenin អ្នកជំនាញច្បាប់អន្តរជាតិជនជាតិបារាំង។ ជាមួយគ្នានេះ កម្ពុជាបានតែងតាំងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាង (Agent) របស់កម្ពុជា ក្នុងនីតិវិធីនេះ។
កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាដែលមានបទពិសោធន៍ខ្ពស់ជាក់ស្តែងក្នុងច្បាប់សមុទ្រអន្តរជាតិ។ ជាពិសេស លោក Peter Taksøe-Jensen ធ្លាប់ដឹកនាំគណៈកម្មការផ្សះផ្សា Timor-Leste–Australia ដែលជាគម្រូដំបូង និងសំខាន់បំផុតនៃការប្រើយន្តការផ្សះផ្សាដោយបង្ខំ (compulsory conciliation) ក្រោម UNCLOS។
ចំណែកថៃ បានតែងតាំង Rüdiger Wolfrum ជនជាតិអាល្លឺម៉ង់ និង Albert J. Hoffmann ជនជាតិអាហ្វ្រិកខាងត្បូង ជាអ្នកផ្សះផ្សារបស់ខ្លួន។ ដូច្នេះ គណៈកម្មការមាន អ្នកផ្សះផ្សា ៤រូប ដែលភាគីទាំងពីរតែងតាំង មុននឹងជ្រើសរើសសមាជិកទី៥ជាប្រធាន។
ការវិវត្តនេះមានសារៈសំខាន់។ នីតិវិធីដែលកម្ពុជាបានចាប់ផ្តើមនៅថ្ងៃទី២ ខែមិថុនា មិនបានឈប់ត្រឹមការប្រកាសគោលជំហរនយោបាយទេ ប៉ុន្តែបានវិវត្តទៅជា ដំណើរការផ្លូវច្បាប់ជាក់ស្តែង ដែលភាគីទាំងពីរបានចូលរួម។ បន្ទាប់ពីកម្ពុជា និងថៃបានតែងតាំងអ្នកផ្សះផ្សាម្ខាងពីររូបរួច អ្នកផ្សះផ្សាទាំងបួនមានភារកិច្ចជ្រើសរើសអ្នកផ្សះផ្សាទី៥ ដែលត្រូវធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។
៥. ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែសីហា៖ ការជ្រើសរើសប្រធានគណៈកម្មការ
តាមនីតិវិធី អ្នកផ្សះផ្សាទាំងបួនត្រូវជ្រើសរើសសមាជិកទី៥ ដើម្បីធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីភាគីថៃបានជូនដំណឹងជាផ្លូវការអំពីការតែងតាំងអ្នកផ្សះផ្សាពីររូបរបស់ខ្លួន អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូបដែលកម្ពុជា និងថៃបានតែងតាំង បានចាប់ផ្តើមនីតិវិធីជ្រើសរើសអ្នកផ្សះផ្សាទី៥ ដើម្បីធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។
ការជ្រើសរើសនេះត្រូវធ្វើឡើងក្នុងរយៈពេល៣០ថ្ងៃ ដោយមានកាលកំណត់ដើមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ជ្រើសរើសបុគ្គលដែលមានសមត្ថភាព ឯករាជ្យ អព្យាក្រឹតភាព ជំនាញច្បាប់អន្តរជាតិ និងបទពិសោធការទូតសមស្របព្រោះប្រធានគណៈកម្មការមានតួនាទីសំខាន់, អ្នកផ្សះផ្សាទាំងបួនរូបបានស្នើសុំពេលវេលាបន្ថែម ហើយកម្ពុជា និងថៃបានយល់ព្រមតាមសំណើរបស់អ្នកផ្សះផ្សាទាំងបួន ក្នុងការពន្យារកាលកំណត់នៃការជ្រើសរើសប្រធានរហូតដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ការបង្កើតគណៈកម្មការដែលមានសមាជិកគ្រប់ចំនួនប្រាំរូប រួមទាំងប្រធាន គឺជាចំណុចរបត់មួយទៀតនៃនីតិវិធី ព្រោះវាបើកផ្លូវឱ្យគណៈកម្មការរៀបចំកិច្ចប្រជុំដំបូង កំណត់វិធាននីតិវិធី និងរៀបចំក្របខណ្ឌការងារសម្រាប់ដំណើរការផ្សះផ្សាជាបន្តបន្ទាប់។
ក្នុងរយៈពេលត្រឹមតែជាងពីរខែ ចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដំណើរការមួយដែលចាប់ផ្តើមពីសេចក្តីជូនដំណឹងរបស់កម្ពុជា បានឈានជាបន្តបន្ទាប់ទៅរកការបង្កើតយន្តការផ្សះផ្សាអន្តរជាតិមួយដែលមានរចនាសម្ព័ន្ធច្បាស់លាស់។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អ្នកផ្សះផ្សាទាំងបួនរូបបានសម្រេចតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ហើយត្រូវបានប្រកាសជូនដំណឹងជាសាធារណៈដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារដែនលើសមុទ្រត្រួតគ្នា។
*៦. ពីជម្រើសនយោបាយ ទៅជាយុទ្ធសាស្ត្រការពារផលប្រយោជន៍ជាតិ

សារៈសំខាន់នៃដំណើរការនេះ មិនគួរត្រូវបានមើលត្រឹមតែជាវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃនោះទេ។ វាបានបង្ហាញពីជម្រើសយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារផលប្រយោជន៍ជាតិ៖ ប្រើច្បាប់ជំនួសកម្លាំង ប្រើសន្តិវិធីជំនួសការប្រឈមមុខ និងប្រើយន្តការអន្តរជាតិដែលមានស្រាប់ នៅពេលយន្តការទ្វេភាគីមិនអាចបន្តទៅមុខបាន។
នេះក៏បង្ហាញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះជាតិនិងប្រជាជន និងចំពោះមនុស្សជំនាន់ក្រោយ។ ដែនសមុទ្រមិនមែនគ្រាន់តែជាផ្ទៃទឹកនៅលើផែនទីទេ។ វាពាក់ព័ន្ធនឹងអធិបតេយ្យ សិទ្ធិអធិបតេយ្យ ធនធានធម្មជាតិ សន្តិសុខថាមពល ការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែងរបស់ប្រជាជាតិ។​ ដូច្នេះ ការស្វែងរកដំណោះស្រាយដែលមានមូលដ្ឋានលើច្បាប់ និងយូរអង្វែង គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំបានខិតខំប្រឹងប្រែងបំពេញឱ្យបានសម្រេច។
*៧. សន្តិភាពមិនមានន័យថាបោះបង់សិទ្ធិឡើយ
ចំណុចស្នូលមួយនៃគោលជំហររបស់រាជរដ្ឋាភិបាល គឺការបង្ហាញថា ការប្រកាន់សន្តិភាព និងការការពារអធិបតេយ្យ មិនមែនជាគោលដៅពីរដែលផ្ទុយគ្នាទេ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរក្សាភាពអត់ធ្មត់ បន្តការទូត និងចៀសវាងការប្រើកម្លាំង ខណៈពេលជាមួយគ្នានោះ បានប្រើប្រាស់គ្រប់សិទ្ធិដែលច្បាប់អន្តរជាតិផ្តល់ឱ្យ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ពោលគឺ«ស្ងាត់ តែមិនស្ងៀម»។
ការជ្រើសយក UNCLOS របស់កម្ពុជាបង្ហាញពីគោលការណ៍នេះយ៉ាងច្បាស់៖ កម្ពុជាចង់បានសន្តិភាព ប៉ុន្តែសន្តិភាពនោះត្រូវឈរលើច្បាប់ ការគោរពអធិបតេយ្យ និងដំណោះស្រាយប្រកបដោយយុត្តិធម៌។
នេះជាការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជាដែលបានយល់ច្បាស់ថា កម្លាំងដ៏រឹងមាំបំផុតក្នុងការការពារខ្លួនក្នុងប្រព័ន្ធអន្តរជាតិ មិនមែនទាល់តែមានកម្លាំងយោធាខ្លាំងនោះទេ ប៉ុន្តែអាចជាកម្លាំងនៃច្បាប់ សន្ធិសញ្ញា ភស្តុតាង និងភាពស្របច្បាប់អន្តរជាតិ។
*៨. កំណត់ត្រាមួយនៃការការពារផលប្រយោជន៍ជាតិដោយច្បាប់
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ អាចត្រូវបានចងចាំជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការប្រើប្រាស់ច្បាប់អន្តរជាតិរបស់កម្ពុជា។
នៅថ្ងៃនោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើជម្រើសច្បាស់លាស់មួយ៖ នៅចំពោះមុខការបញ្ចប់ក្របខណ្ឌទ្វេភាគីដែលមានអាយុកាលជាង២៥ឆ្នាំ កម្ពុជាមិនជ្រើសរើសការប្រឈមមុខ មិនជ្រើសរើសការគំរាមកំហែង និងមិនជ្រើសរើសការប្រើប្រាស់កម្លាំងទេ។ កម្ពុជាជ្រើសរើសច្បាប់។
ពីការផ្ញើសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែមិថុនា ការចូលរួមជាផ្លូវការរបស់ភាគីថៃ និងការតែងតាំងអ្នកផ្សះផ្សា រហូតដល់ដំណាក់កាលបង្កើតគណៈកម្មការផ្សះផ្សាពេញលេញ ដំណើរការនេះបង្ហាញថា ការការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិអាចធ្វើឡើងដោយភាពម៉ឺងម៉ាត់ ខណៈដែលនៅតែរក្សាការប្តេជ្ញាចិត្តចំពោះសន្តិភាព។
នេះមិនមែនគ្រាន់តែជានីតិវិធីច្បាប់មួយទេ។ វាជាការបង្ហាញពីទស្សនវិស័យនៃការដឹកនាំ៖ ការពារអ្វីដែលជារបស់កម្ពុជា តាមរយៈច្បាប់អន្តរជាតិ និងសន្តិវិធី ដោយមិនបោះបង់សិទ្ធិ និងផលប្រយោជន៍របស់ជាតិឡើយ។
នៅទីបំផុត លទ្ធផលនៃនីតិវិធីផ្សះផ្សានឹងអាស្រ័យលើដំណើរការដែលនៅខាងមុខ និងឆន្ទៈរបស់ភាគីទាំងពីរ។ ប៉ុន្តែអ្វីដែលត្រូវបានកត់ត្រារួចហើយ គឺថា នៅពេលក្របខណ្ឌចរចាទ្វេភាគីត្រូវបានបញ្ចប់ កម្ពុជាបានឆ្លើយតបដោយការបើកផ្លូវថ្មីមួយ-ផ្លូវនៃច្បាប់ ផ្លូវនៃសន្តិភាព និងផ្លូវនៃការការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិដោយភាពទទួលខុសត្រូវ។
ដោយពេលនេះមានការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ហើយ ដំណើរការផ្សះផ្សារំពឹងថានឹងបន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្តីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS៕

You might also like