លោកស្រី ភុំ ផាន់ណាវី ប្តឹងតវ៉ានឹងដីកាតម្កល់រឿងទុកឥតចាត់ការពាក់ព័ន្ធករណីក្លែងបន្លំប័ណ្ណកម្មសិទ្ធិដីធ្លី ដែលឈ្មោះ ហ៊ុន សុខា ទទួលរត់ឯកសារមិនបានសម្រេច

(ភ្នំពេញ)៖ លោកស្រី ភុំ ផាន់ណាវី បានដាក់សំណើសុំប្តឹងតវ៉ាទៅនឹងដីកាតម្កល់រឿងទុកឥតចាត់ការលេខ ៩៧៦ អ.យ.ព ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៦៥៨ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកស្រីចាត់ទុកថា ការសម្រេចតម្កល់រឿងទុកឥតចាត់ការនេះ បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់នាង និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។

លោកស្រី ភុំ ផាន់ណាវី បានរៀបរាប់ថា កាលពីអំឡុងខែមករា ឆ្នាំ២០២៤ ឈ្មោះ ហ៊ុន សុខា បានទទួលធ្វើការរត់ឯកសារធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យនាង តាមការណែនាំរបស់ឈ្មោះ សៀង ម៉េង។ ឈ្មោះ ហ៊ុន សុខា បានសន្យាថានឹងធ្វើឲ្យបានសម្រេច បន្ទាប់ពីបានទទួលប្រាក់ពីលោកស្រី តាមរយៈការទូទាត់តាមធនាគារ និងការប្រគល់ប្រាក់ផ្ទាល់ដៃ។

ក្រោយពីទទួលបានប្រាក់ជាបន្តបន្ទាប់ឈ្មោះ ហ៊ុន សុខា បានប្រគល់ឯកសាររត់ការធ្វើប័ណ្ណកម្មសិទ្ធិមកលោកស្រី ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបង្កាន់ដៃចុងសន្លឹក។ ដោយមានការសង្ស័យ លោកស្រី បានយកឯកសារទាំងនោះទៅសួរនាំនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តែមន្ត្រីសុរិយោដីបានបញ្ជាក់ថា ឯកសារទាំងនោះ គឺជាឯកសារក្លែងក្លាយទាំងអស់ ហើយមិនមាននៅក្នុងប្រព័ន្ធរបស់មន្ទីរឡើយ៕

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់លោកស្រី ភុំ ផាន់ណាវី៖

You might also like