បុរសម្នាក់ និស្សិតឆ្នាំទី៤ សមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ នៅខណ្ឌទួលគោក
ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក Honda Scoopy-I កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោងប្រមាណ ១:៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១៩២ ក្រុមទី០៨ ភូមិ០៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក Honda Scoopy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HS-1127 ដែលត្រូវបានលួចកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២:៣០នាទីរសៀល នៅចំណុចមុខក្រុមហ៊ុន JGL Logistic Co., Ltd. ស្ថិតនៅផ្លូវលេខ១១០ (ផ្លូវសហព័ន្ធរុស្ស៊ី) ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ជនសង្ស័យមានឈ្មោះ រ៉ា សុវ័ត្រា្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី៤ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ។ តាមការត្រួតពិនិត្យបឋម សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ មិនមានសារធាតុញៀន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃម៉ាក Samsung ស៊េរីចាស់ ពណ៌ស ចំនួន១គ្រឿង និង ម៉ូតូម៉ាក Honda Scoopy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ចំនួន១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ស្រ៊ីម អានីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន និងមានទីលំនៅក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕






