ករណីលិចទូក- ង ខ្នាតអន្តរជាតិ នៅភូមិកោះប្រាក់ បណ្ដាលឱ្យបាត់ខ្លួនក្មេងប្រុស ៣នាក់, អភិបាលខេត្តកណ្ដាល និងស្នងការខេត្ត ចុះពិនិត្យផ្ទាល់ដល់ទីតាំង

(កណ្ដាល)៖ ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើរួច (មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីអុំសាកល្បងលេងកម្សាន្ត តែអកុសល ទឹកគួចខ្លាំង បានបណ្តាញឱ្យជួយហេតុការណ៍លិចទូក នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យស្លាប់កុមារ ៣នាក់ រីឯ ៧នាក់ទៀត ចេះហែលទឹកឡើងតោងសាឡុងបូមខ្សាច់បានរួចពីសេចក្ដីស្លាប់ ។
ក្រោយកើតហេតុភ្លាមៗ លោកអភិបាលខេត្តកណ្ដាល លោកស្នងការ អភិបាលស្រុក អធិការស្រុក មេបញ្ជាកងរាជអាវុធហត្ថស្រុក មេឃុំ មេភូមិ ព្រមទាំងមន្ត្រីៗជាច្រើននាក់ ចុះមកពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុផងដែរ ។
បើតាមលោកវីរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ងខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើរួច(មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីធ្វើការអុំសម លុះដល់ពេលអុំចំងាយពីច្រាំងទន្លេ ប្រហែល ៣០ម៉ែត្រ ហួសកំពង់ដរកោះប្រាក់ចំងាយ ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឲ្យអ្នកអុំទូក មានអារម្មណ៍ភ័យក៍នាំគ្នាឆ្លេឆ្លានៅលើទូក ។ ភ្លាមនោះទូកបានលិចអ្នកអុំទូកចំនួន ០៨នាក់បានលោតចេញពីទូកមុន នៅអ្នកអុំទូក០២នាក់នៅលើទូក ក្រោយមកទូកលិចទៅទើបអ្នកអុំទូក០២នាក់លោតតាមក្រោយដែរ ធ្វើឲ្យទូកលិចទៅកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ដែលចតនៅក្បែរច្រាំង។
លោកអធិការបន្តថា ភ្លាមៗនោះអ្នកអុំទូកចំនួន ០៧នាក់ បានហែលរួច ឡើងគោក ចំណែក ០៣នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញ ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ និងកម្លាំងអន្តរាគមន៍ ៩១១ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយ ដើម្បីស្វែងរកជួយសង្គ្រោះ អ្នកបាត់ខ្លួនចំនួន០៣នាក់ផងដែរ៕

You might also like