អាជ្ញាធរបន្តស្វែងរកមនុស្ស៣នាក់  បាត់ខ្លួនរកពុំទាន់ឃើញទេ ក្រោយលិចទូកនៅទន្លេមេគង្គស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ ដោយក្ដីអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្តប្រតិបត្តិការ ស្វែងរកមនុស្សចំនួន ៣នាក់ ដែលបានបាត់ខ្លួន ក្រោយករណីលិចទូក ខណៈមនុស្សចំនួន ៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
ជនដែលកំពុងបាត់ខ្លួនទាំង៣នាក់ រួមមាន៖
១. ឈ្មោះ ឡុង សត្យា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិធំ។
២. ឈ្មោះ ហួន ភិនុត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកោះប្រាក់។
៣. ឈ្មោះ សួ ដូណា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិធំ។
ហេតុការណ៍នេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
ក្រោយទទួលបានព័ត៌មានភ្លាមៗលោក គួច ចំរើន អភិបាល ខេត្តកណ្ដាល បានផ្ដល់ការយកចិត្តទុកដាក់ និងចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំ និងបញ្ជាផ្ទាល់ដល់កម្លាំងជំនាញ ឱ្យចុះប្រតិបត្តិការស្វែងរកជនបាត់ខ្លួនយ៉ាងសកម្ម។
ក្នុងប្រតិបត្តិការស្វែងរកនេះ ក៏មានការចូលរួមពី លោក ឡូវ សុខសាន អភិបាលស្រុក, លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុក ព្រមទាំងកម្លាំងអន្តរាគមន៍ពីគ្រប់ស្ថាប័ន និងកម្លាំងជំនាញ ៩១១ ដែលបានសហការគ្នាចុះប្រតិបត្តិការស្វែងរកជាបន្តបន្ទាប់។
លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី នៅចំណុចភូមិរកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ម្ចាស់ទូកមានឈ្មោះ ហ៊ុន សម្បត្តិ ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទូក-ង ១គ្រឿង ពណ៌ក្រហមលាយខ្មៅ មានទទឹង ០,៨០ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ(ទើបតែធ្វើរួច)។
ជនរងគ្រោះ មានចំនួន ១០នាក់ រួមមាន៖
១៖ ឈ្មោះ ឡាង សត្យា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។
២៖ ឈ្មោះ សួន ដូណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។
៣៖ ឈ្មោះ ហួន ភីនុត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។
៤៖ ឈ្មោះ ថន សុខឡេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។
៥៖ ឈ្មោះ ហាន បញ្ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (នៅមានជីវិត) ។
៦៖ ឈ្មោះ នង ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។
៧៖ ឈ្មោះ ដុះ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។
៨៖ ឈ្មោះ សុខ សត្រា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។
៩៖ ឈ្មោះ គុជ ចាន់ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។
១០៖ ឈ្មោះ ដុះ សាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។

តាមការបំភ្លឺម្ចាស់ទូកប្រាប់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៦ ម៉ោង៨ព្រឹកជនរងគ្រោះទាំង ១០នាក់ បានមកសុំម្ចាស់ទូកឲ្យទំលាក់ទូក-ង ដើម្បីអុំសាក តែម្ចាស់ទូកមិនព្រម រហូតមកដល់ម៉ោង ១១៖០០នាទី ថ្ងៃ ខែឆ្នាំដដែល ជនរងគ្រោះទាំង ១០នាក់បាននាំគ្នាមកសុំម្ចាស់ទូកឲ្យទំលាក់ទូក អុំសាក តែម្ចាស់ទូកប្រាប់ថា ចាំថ្ងៃ អាទិត្យ ចាំទំលាក់ទូកអុំសាក ជនរងគ្រោះនាំគ្នាត្រឡប់ ទៅវិញ ស្រាប់តែម៉ោង ១៣៖០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ ១០នាក់ បានមកសុំអង្វរម្ចាស់ទូកម្តងទៀត ឲ្យទំលាក់ទូកងចុះសម ម្ចាស់ក៏យល់ព្រម បន្ទាប់មកនាំគ្នាដឹកទូកមកទំលាក់នៅកំពង់ដកោះប្រាក់។ ពេលទំលាក់ទូករួចជនរងគ្រោះក៏ឡើងលើទូក ដើម្បីអុំសាក ចំណែកម្ចាស់ទូកងបានដើរត្រឡប់ទៅផ្ទះវិញ។លុះដើរចេញពីកន្លែងទំលាក់ទូកបានប្រហែល ១០០ ម៉ែត្រ ស្រាប់តែឮក្មេងៗស្រែកឲ្យជួយផង ឮដូចនេះម្ចាស់ទូកងក៏រត់មកមើលវិញ ឃើញទូកងនៅជាប់នឹងក្បាលសាឡង់ដឹកខ្សាច់ ដែលចតនៅច្រាំង ចំណែកខ្លះនាំគ្នាហែលទឹកចូលមកច្រាំង ខ្លះទៀតនាំគ្នាហែលទៅតោងខ្សែរពោងសាឡង់ឡើងតាមខ្សែរទៅលើសាឡង់ តែឃើញជនរងគ្រោះតែ ០៧នាក់ទេ ចំណែក ០៣នាក់ទៀតបានបាត់ខ្លួនរកមិនទាន់ឃើញក្នុងចំនោម ៣នាក់បាត់ខ្លួន មានកូនម្ចាស់ទូក ០១នាក់ផងដែរ។
តាមការបំភ្លឺរបស់ជនរងគ្រោះទាំង ០៧នាក់បានប្រាប់ថា នៅក្នុងថ្ងៃកើតហេតុនេះ ពួកខ្លួនទាំង១០នាក់បានទៅសុំអង្វរម្ចាស់ទូកង ទើបនឹងធ្វើរួច(មិនទាន់មានឈ្មោះ) ចំនួន០៣លើក ឲ្យដាក់ទូកអុំសាកនៅក្នុងទន្លេមេគង្គ ទើបម្ចាស់ទូកយល់ព្រម ហើយនាំគ្នាដឹកទូកងមកទំលាក់នៅកំពង់ដរកោះប្រាក់ នៅម៉ោង១៤៖០២នាទី ថ្ងៃខែឆ្នាំដដែល។
បន្ទាប់មកជនរងគ្រោះទាំង ១០នាក់បាននាំគ្នាឡើងទៅលើទូកងអុំសាក។ លុះពេលអុំចេញ ពីច្រាំងទន្លេ ប្រហែល ៣០ម៉ែត្រ (អុំបញ្ច្រាសទឹក) ហួសកំពង់ដរកោះប្រាក់ចំងាយ ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឲ្យអ្នកអុំទូក មានអារម្មណ៍ភ័យក៏នាំគ្នាឆ្លេឆ្លានៅលើទូក ភ្លាមនោះទូកបានលិច ជនរងគ្រោះ ០៨នាក់ បានលោតចេញពីទូកមុន តែជនរងគ្រោះ០២ នាក់ទៀតនៅលើទូក ។ ពេលទូកលិចទើបលោតតាមក្រោយដែរ ពេលនោះទូកលិចទៅកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ ដែលចតនៅក្បែរច្រាំង ភ្លាមៗនោះជនរងគ្រោះ ០៧នាក់ បាននាំគ្នាហែលទឹកឡើងគោក ខ្លះទៀតនាំគ្នាហែលទៅតោងខ្សែរពោងសាឡង់ ឡើងតាមខ្សែរទៅលើសាឡង់ចំណែកជនរងគ្រោះ ០៣នាក់ទៀតបាត់ខ្លួនរកពុំទាន់ឃើញទេ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អ្នកបាត់ខ្លួនទាំង៣នាក់ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះកំពុងបន្តប្រតិបត្តិការស្វែងរកយ៉ាងយកចិត្តទុកដាក់ ដោយសង្ឃឹមថានឹងអាចរកឃើញជនបាត់ខ្លួន និងនាំត្រឡប់ ទៅកាន់ក្រុមគ្រួសារវិញ។
ជាមួយគ្នានេះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដង ទន្លេមេគង្គ ប្រសិនបើប្រទះឃើញ ឬទទួលបានព័ត៌មានពាក់ព័ន្ធនឹងជនបាត់ខ្លួនទាំង៣នាក់ សូមមេត្តាផ្ដល់ព័ត៌មានជូនអាជ្ញាធរជាបន្ទាន់ ដើម្បីចូលរួមសម្រួលដល់ការស្វែងរក៕

You might also like