រដ្ឋបាលសង្កាត់និរោធ ខណ្ឌច្បារអំពៅ ច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូ

(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់និរោធ សូមជម្រាបជូនសាធារណៈជន និងប្រជាពលរដ្ឋទាំងអស់ឲ្យជ្រាបថា កាលពីពេលថ្មីៗនេះ នៅតាមបណ្តាញសង្គម បានចុះផ្សាយព័ត៌មានដែលមិនត្រឹមត្រូវទាក់ទងនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូនៅក្នុងសង្កាត់និរោធ។

រដ្ឋបាលសង្កាត់ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០២៦ ក្រោមមូលនិធិអភិវឌ្ឍន៍សង្កាត់ រួមមានការស្ថាបនាផ្លូវបេតុងអាមេចំនួន ៣ខ្សែ ប្រវែងសរុប ៥៦៧ម៉ែត្រ និងការដាក់លូមូលរំដោះទឹកចំនួន ៥ខ្សែ ប្រវែងសរុប ៩១០ម៉ែត្រ រួមទាំងការស្តារលូមូលចំនួន ៣០កន្លែង ប្រវែង ៣៣,៦៧០ម៉ែត្រ។

គម្រោងទាំងនេះ ត្រូវបានរៀបចំពិធីដេញថ្លៃកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ និងបានចុះកិច្ចសន្យាអនុវត្តគម្រោងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ចំពោះផ្លូវ២១០ ស្ថិតនៅក្រុមទី១ ភូមិតាដៅក្រោម ដែលមានការលើកឡើងថា គ្មានការជួសជុលនោះ រដ្ឋបាលសង្កាត់បានបញ្ជាក់ថា កាលពីឆ្នាំ២០២៥ បានដាក់លូមូលប្រវែង ១២៥ម៉ែត្រ ហើយសម្រាប់ឆ្នាំ២០២៦នេះ ក៏មានគម្រោងស្ថាបនាផ្លូវបេតុងអាមេប្រវែង ១៨០ម៉ែត្រ និងបន្តដាក់លូមូលប្រវែង ៥៥ម៉ែត្របន្ថែមទៀត ដែលការងារជួសជុលនឹងចាប់ផ្តើមឆាប់ៗនេះ។

រដ្ឋបាលសង្កាត់និរោធ បានសម្តែងការសោកស្តាយចំពោះការចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានទំនាក់ទំនងសួរនាំអាជ្ញាធរសង្កាត់ជាមុន។

រដ្ឋបាលសង្កាត់ សូមស្នើដល់អង្គភាពសារព័ត៌មានទាំងពីរខាងលើ លុបព័ត៌មានដែលមិនត្រឹមត្រូវនោះចោល និងកែតម្រូវព័ត៌មានឲ្យស្របតាមសេចក្តីប្រកាសព័ត៌មាននេះ។

You might also like